អាជ្ញាធរខេត្តព្រះវិហារ ជំរុញដល់បណ្តាមន្ទីរ អង្គភាព ស្ថាប័ន អង្គការជាតិ អន្តរជាតិ សហគមន៍ និងសប្បុរសជននានា ឲ្យចូលរួមគាំទ្រគម្រោងឃុំ-សង្កាត់-ក្រុង-ស្រុក ដើម្បីឆ្លើយតបនឹងសេចក្តីក្រូវការ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

0

ខេត្តព្រះវិហារ៖ ការថ្លែងរកការជំរុញរបស់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារា បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតីក្នុងពិធី សិក្ខាលាសា«សមាហរណកម្មផែនការឃុំ-ស្រុក» នៅថ្ងៃទី១៦ធ្នូ២០២២ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ ។

នៅក្នុងពិធីសិក្ខាលាសា«សមាហរណកម្មផែនការឃុំ-ស្រុក» ដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនោះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធ អភិបាលស្រុកឆែប លោក ឡង់ សុបិន មេឃុំ មន្ត្រីថ្នាក់មូលដ្ឋាន អង្គការសង្គមស៊ីវិល និងកងកម្លាំងទាំង៣ ផងនោះដែរ។

នៅក្នុងពិធីសាលាសិក្ខានោះ ក៏មានការឡើងធ្វើការបង្ហាញគម្រោង របស់មន្ទីរបរិស្ថានខេត្ត មន្ទីរផែនការខេត្ត និងតំណាងឃុំនីមួយៗ នៅក្នុងស្រុកឆែប ដោយក្នុងនោះ គម្រោងបានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន២០២១ ការអនុវត្តគម្រោងឆ្នាំ២០២២ (គម្រោងដែលបានអនុវត្តរួច ,គម្រោងដែលកំពុងអនុវត្ត និងគម្រោងដែលមិនទាន់អនុវត្ត) ,គម្រោងឃុំ ស្នើឡើងសម្រាប់អនុវត្តឆ្នាំ២០២៣ ,ការឡើងបង្ហាញគម្រោងគាំទ្រ ដោយមន្ទីរ អង្គភាព ស្ថាប័ន អង្គការ និងសហគមន៍ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៣ ផងដែរ។

អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា បានថ្លែងថា សិក្ខាសាលាដែលបានធ្វើឡើង ក្រោមការសម្របសម្រួលពីមន្ទីរផែនការខេត្ត នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រមូលផ្តុំ គៀងគរ បណ្តាមន្ទីរ អង្គភាព ស្ថាប័ន អង្គការជាតិ អន្តរជាតិ សហគមន៍ និងសប្បុរសជននានា ឲ្យចូលរួមគាំទ្រគម្រោង ឃុំ សង្កាត់ ក្រុង ស្រុក ដែលជាសេចក្តីត្រូវការ និងជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។ លោកថា សិក្ខាសាលានេះ គឺជាឱកាសមួយដែលយើងទាំងអស់គ្នា ប្តេជ្ញាចិត្តចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន ដ៏មានសារៈប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ។

លោក សុខ សាន្តតារា បានថ្លែង ចាត់ទុកការចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន គឺជាទិសដៅយុទ្ធសាស្ត្រមួយ សម្រាប់ប្រតិបត្តិតួនាទីការងារ ក្នុងបរិបថវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល។

លោក សុខ សាន្តតារា បានជំរុញឲ្យមានការសហការ និងចូលរួមគាំទ្រឲ្យបានច្រើនកុះករ នូវគម្រោងដែលបានស្នើឡើងដោយ ឃុំ សង្កាត់ ក្រុង ស្រុក ដែលនេះជាគោលបំណងតែមួយគត់របស់យើងទាំអស់គ្នា ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ឲ្យចាកផុតពីខ្សែបន្ទាត់នៃភាពក្រីក្រ។ លោកបន្តថា យើងឃើញហើយថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការរីកចំរើនលើគ្រប់វិស័យ មាន (ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ) ដែលក្នុងគ្រាបច្ចុប្បន្ន មានការរីកដុះដាលគ្រប់ទីកន្លែង តាំងពីរាជធានី រហូតដល់ជនបទដាច់ស្រយាល។

អភិបាលស្រុកឆែប លោក ឡង់ សុបិន បានថ្លែង ចាត់ទុកសិក្ខាសាលាសមាហរណកម្មផែនការឃុំ នៅថ្នាក់ស្រុកនាពេលនេះ ពិតជាមានអត្ថន័យ និងមានសារៈសំខាន់ណាស់ ព្រោះនេះជាឱកាសមួយដែលបានជួបជុំគ្នា ពិភាក្សា ផ្តល់អនុសាសន៍ និងចូលរួមគាំទ្រ ដើម្បីដោះស្រាយនូវរាល់កង្វះខាតទាំងឡាយ ដែលប្រជាពលរដ្ឋកំពុងទទូចចង់បាន ។

អនុប្រធានមន្ទីរផែនការខេត្តព្រះវិហារ លោក ជា វឌ្ឍនា បានបង្ហាញពីលទ្ធផលការអនុវត្តគម្រោងក្នុងឆ្នាំ២០២២ ក្នុងនោះគម្រោងគាំទ្រ មានចំនួន ៥៥គម្រោងឃុំ ,បានអនុវត្តចប់ ៥២គម្រោង ,កំពុងអនុវត្ត ២គម្រោង និងមិនបានអនុវត្ត ១គម្រោង។ លោកបញ្ជាក់ថា គម្រោងអាទិភាពដែលបានស្នើឡើងដោយឃុំ មានចំនួន ៥០០គម្រោង ក្នុងនោះមន្ទីរជំនាញបានគាំទ្រលើ ៦៨គម្រោង សម្រាប់ការអនុវត្តន៍នៅថ្នាក់មូលដ្ឋាន ក្នុងឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ៖ឡុង សំបូរ