រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះជាង ២០០គ្រួសារ នៅក្នុងខេត្តរតនគិរី

0

ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់ រាជរដ្ឋាភិបាល ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ២១៦គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាព ដែលអំណោយទាំងនោះ បានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី នាថ្ងៃទី២០ធ្នូ២០២២នេះ នៅក្នុងឃុំចំនួន៦ នៃស្រុកលំផាត់ ខេត្តរតនគិរី។

អភិបាលស្រុកលំផាត់ លោក នូ ថេ បានឲ្យដឹងថា ប្រជាពលរដ្ឋងាយរងគ្រោះមកពីឃុំចំនួន៦ នៅក្នុងស្រុកលំផាត់ ដែលត្រូវទទួលបានអំណោយពី រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចខេត្តនាពេលនេះ គឺមានចំនួន ២១៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី ១កេះតូច ត្រីខកំប៉ុង ១យួរ និងឃិតមួយកញ្ចប់ និងលោកអភិបាលខេត្ត បានឧបត្ថម្ភរទេះរុញ៦គ្រឿង ដល់ជនពិការ ៦នាក់ ផងដែរ។

លោក នូ ថេ បានបន្តថា ប្រជាពលរដ្ឋទាំង២១៦គ្រួសារ ភាគច្រើន គឺជាស្រ្តីមេម៉ាយ ជនមានពិការភាព ចាស់ជរា និងប្រជាពលរដ្ឋដែលទីទ័លក្រីក្រ កំពុងជួបការលំបាក រស់នៅក្នុងឃុំចំនួន៦ គឺឃុំល្បាំង១,ល្បាំង២,ប៉ាតាង,កាឡែង,សេដា និងឃុំជ័យឧត្តម ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដាំផ្ញើសួរសុខទុក្ខ ផ្ញើក្តីនឹករលឹក និងការស្រឡាញ់យ៉ាងជ្រាលជ្រៅ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា កុមារកំព្រា និងប្រជាពលរដ្ឋទីទ័លក្រីក្រ ដែលកំពុងជួបការលំបាកនោះ ផងដែរ។

លោកអភិបាលខេត្តរតនគិរី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត និងការផឹកទឹកស្អាត ជាពិសេស ត្រូវមានការប្រុងប្រយ័ត្នក្នុងការពារសុខភាព នៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីជំងឺ ដែលអាចកើតមានជាយថាហេតុ បណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ ព្រោះត្បិត ខេត្តរតនគិរី អាកាធាតុនឹងចុះត្រជាក់នៅក្នុងអំឡុងពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២។ ហើយនៅក្នុងពេល ១សប្ដាហ៍នេះ ខេត្ដរតនគិរី អាចចុះត្រជាក់ក្នុងរង្វង់ពី១៧-១៨អង្សាសេ ដែលទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា៕ ដោយ៖ឡុង សំបូរ