សត្វផ្សោតមួយក្បាលមានទម្ងន់ជាង ១៦០គីឡូក្រាម ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកទន្លេមេគង្គលើ នៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖សត្វផ្សោតដែលជាប្រភេទសត្វកម្រ និងងាយរងគ្រោះថ្នាក់ជិតផុតពូជមួយក្បាល មានទម្ងន់១៦២គីឡូក្រាម ត្រូវបានប្រជានេសាទប្រទះឃើញ ស្លាប់អណ្តែតទឹកមកទើរនៅឆ្នេរខ្សាច់មាត់ច្រាំងទន្លេ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២០ធ្នូ២០២២ ។

មន្ត្រីរដ្ឋបាលជលផល និងអង្គការ WWF ប្រចាំនៅខេត្តក្រចេះ បានឲ្យដឹងថា សត្វផ្សោតមួយក្បាលដែលស្លាប់នោះ ជាផ្សោតឈ្មោល មានអាយុចន្លោះពី ១៥-២០ឆ្នាំ មានប្រវែង២៣០សង់ទីម៉ែត្រ និងមានទម្ងន់១៦២គីឡូក្រាម ត្រូវបានប្រជានេសាទប្រទះឃើញស្លាប់នៅទន្លេមេគង្គលើ អណ្តែតទៅទើរជាប់ជិតឆ្នេរខ្សាច់មាត់ច្រាំងទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។

មន្ត្រីអង្គការ WWF បានសំដែងការសោកស្ដាយ ចំពោះការបាត់បង់សត្វផ្សោតទឹកសាបមួយក្បាលនេះ ដែលធ្វើឱ្យបាត់បង់សត្វផ្សោត ដែលជាប្រភេទសត្វកម្រ ពីទន្លេមេគង្គមួយបន្ថែមទៀត។

មន្ត្រីជលផលខេត្ត បានបញ្ជាក់ថា តាមការពិនិត្យសាកសពសត្វផ្សោតយ៉ាងម៉ត់ចត់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផលនិងអង្គការ-WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតបានស្លាប់ដោយសារការជាប់មងអ្នក នេសាទ ព្រោះមានស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក ក របស់សត្វផ្សោត និងការស្លាប់នេះមានរយៈពេល ៣ថ្ងៃមកហើយ។

លោកបញ្ជាក់ទៀតថា សត្វផ្សោតដែលបានស្លាប់នៅក្នុង ឆ្នាំ២០២២ នេះ សរុបចំនួន៩ ក្បាល ហើយរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ សត្វផ្សោតដែលបានស្លាប់មានសរុប ចំនួន ២៧ ក្បាល ចន្លោះពីឆ្នាំ ២០២០ដល់ឆ្នាំ ២០២២ (គិតត្រឹមថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២២) ។

នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក ​បានមានថ្លែងឲ្យអ្នកសារព័ត៌មានដឹងថា សត្វផ្សោតស្លាប់នីមួយៗ ពិតជាធ្វើឱ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយយើងសោកស្ដាយបំផុត គឺនៅពេលសត្វផ្សោតពេញវ័យ ដែលមានសុខភាពល្អ ដូចសត្វផ្សោតមួយក្បាលនាពេលនេះ តែត្រូវបានបាត់បង់ជីវិតទៅវិញ ដែលកត្តានេះបានធ្វើឱ្យប៉ះពាល់លទ្ធភាព នៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គ នៅសេសសល់ដ៏តិចតួចនេះ។

គួរបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ហើយបើតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញអង្គការ WWF បានប៉ាន់ស្មានថា សត្វផ្សោតនៅទន្លេមេគង្គលើ មានត្រឹម ៨៩ ក្បាលប៉ុណ្ណោះ នៅទន្លេមេគង្គនៃប្រទេសកម្ពុជា៕ ដោយ៖ឡុង សំបូរ