ខេត្តព្រះវិហារ៖ វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ធ្នូ២០២២នោះ បានធ្វើឡើងក្រោមវត្តមាន អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ,នាយរងសេនាធិការយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ត្រី ហ៊រ ពិសិដ្ឋ និងមានការចូលរួមពី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសាលាដំបូងខេត្តព្រះវិហារ លោក យុត ពន្លឺ ព្រះរាជអាជ្ញារងខេត្ត លោក គឹម សំឡេង ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក យោធាចារ្យ កម្មសិក្សាការី នាយទាហាន និងនាយទាហានរង ជាច្រើនរូបទៀត ផងដែរ។
វគ្គបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង ឆ្នាំ២០២២ របស់ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវបានធ្វើឡើងនៅក្នុងអង្គភាពវរសេនាតូចលេខ១ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ការបើកវគ្គហ្វឹកហ្វឺននាពេលនេះ ដើម្បីពង្រឹងស្មារតីដល់ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងការអនុវត្តឲ្យកាន់តែច្បាស់ អំពីវិធីសាស្ត្រក្នុងការប្រយុទ្ធ ទប់ទល់ការពារទីតាំងឱ្យកាន់តែស្ទាត់ជំនាញ និងធ្វើឱ្យទ័ពជំនាញបានយល់ច្បាស់លាស់ មានភាពរហ័សរហួន ក្នុងការអនុវត្តន៍បទបញ្ជាអន្តរាគមន៍ និងពេលប្រយុទ្ធនៅលើសមរភូមិ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងទៀតថា អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺដើម្បីបង្កើនសមត្ថភាព ជាមេបញ្ជាការ ជាអ្នកដឹកនាំ ថ្នាក់ក្រុមកងអនុសេនាតូច កងអនុសេនាធំ ត្រូវចេះគ្រប់គ្រងស្ថានការណ៍ និងចាត់តាំងប្រុងប្រៀបមុន និងក្រោយពេលប្រយុទ្ធ ចល័តរកភូមិសាស្ត្រ សំដៅលើទិសប្រយុទ្ធ ដើម្បីធានាបានប្រៀបឈ្នះ លើខ្មាំងសត្រូវ ក្នុងការការពារទីតាំងក្នុងតំបន់ភូមិសាស្ត្រ ដែលកំពុងឈរជើង និងការទទួលខុសត្រូវនាពេលបច្ចុប្បន្ន និងអនាគត ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍ថា សភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្ត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលផ្ដើមចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើងតាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក និងស្រុក អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។
លោក គីម រិទ្ធី បានមានប្រសាសន៍ទៀតថា ជាមួយនេះ សន្តិសុខ និងសណ្ដាប់សាធារណៈផ្ទៃក្នុង ក៏មានភាពល្អប្រសើរ និងបទល្មើសមានការថយចុះ តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលមានការចូលរួមសហការណ៍គ្នា ពីកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផងដែរ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបន្តថា ភាពជោគជ័យដែលយើងទទួលបាន អាស្រ័យដោយមានការដឹកនាំ ប្រកបដោយគត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ រីកចម្រើនឥតឈប់ឈរ និងទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សា រៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅបម្រើការងារនៅអង្គភាព ឱ្យមានប្រសិទ្ឋភាព និងត្រូវយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ឥតងាករេ ការពារ និងគោរពដាច់ខាត នូវបទបញ្ជារបស់ រាជរដ្ឋាភិបាល ជាពិសេស កម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី ឲ្យខាងតែបានដាច់ខាត៕ ដោយ៖ឡុង សំបូរ