កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បើកកិច្ចពិភាក្សារួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រល្អៗ សម្រាប់យកទៅអនុវត្តលើផែនការ និងសកម្មភាពមនុស្សធម៌ ក្នុងឆ្នាំ២០២៣ ខាងមុខ

0

ខេត្ត​ព្រះវិហារ៖ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា និងអនុសាខាក្រុង-ស្រុកទាំង៨។ កិច្ចប្រជុំបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ធ្នូ២០២២ នៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តព្រះវិហារ លោក យ៉ុង គឹមហ៊ាន បានរាយការណ៍អំពីលទ្ធផលសកម្មភាពការងាររបស់ គណៈកម្មាធិការសាខា និងអនុសាខាក្រុង ស្រុក ទាំង៨ ក៏ដូចជាយុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ក្នុងខេត្តព្រះវិហារ ទាក់ទងទៅនឹង ការងារកាកបាទក្រហម ក្នុងវិស័យមនុស្សធម៌ ឆ្នាំ២០២២ កន្លងមក។

លោក យ៉ុង គឹមហ៊ាន បានបន្តថា អង្គប្រជុំក៏បានលើកឡើង និងបានធ្វើការពិភាក្សារួមគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយ ព្រមទាំងវិធីសាស្ត្រល្អៗ ក្នុងការយកទៅអនុវត្តក្នុងឆ្នាំ២០២៣ អោយកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរដល់សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ់ការងារ ប្រកបដោយសកម្មភាពរស់រវើក មានការវិវត្តន៍ពីមួយជំហានទៅមួយជំហាន ធ្វើឲ្យសាខាទទួលបានជោគជ័យ គួរឲ្យកត់សំគាល់ តាមរយៈលទ្ធផលការងារនេះ គឺបានបង្ហាញពីការលះបង់ពេលវេលា ការទទួលខុសត្រូវ និងការស្រលាញ់ការងារមនុស្សធម៌យ៉ាងស្មោះស្មគ្រ័របស់ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ផងដែរ៕ ដោយ៖ឡុង សំបូរ