ខេត្តព្រះវិហារ៖ ការថ្លែងជំរុញរបស់ ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានធ្វើឡើងក្នុងគ្រាដែលលោកស្រីប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍បន្ដសម្រាប់ឆ្នាំ២០២៣ និងការប្រកាសតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចរបស់ មន្ដ្រីរាជការក្នុងរចនាសម្ព័ន្ធមន្ទីរព័ត៌មានខេត្ត នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ ។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តី នៃការិយាល័យទាំង៥ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ តាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ រហូតទទួលបាននូវការកោតសរសើរ ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ពិសេស ពីសំណាក់ថ្នាក់ដឹកនាំខេត្តព្រះវិហារ។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានថ្លែង ជំរុញដល់មន្ត្រីជំនាញ នៃមន្ទីរព័ត៌មានខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ក្នុងវិស័យព័ត៌មានឲ្យបានកាន់តែប្រសើរជាងមុនថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឲ្យបានល្អ ក្នុងការផលិតព័ត៌មាន ជាពិសេសត្រូវរកដំណោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលកើតឡើងនៅរាល់សកម្មភាពការងារ។
លោកស្រីប្រធានមន្ទីរ ក៏នៅបានជំរុញបន្ថែម ដល់មន្ត្រីដែលទើបទទួលបានការតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចថ្មី ឲ្យបង្កើនការយកចិត្តទុកដាក់អនុវត្តន៍ការងារ ត្រូវបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹង ការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យសក្តិសមជាអ្នកបន្តវេនដ៏ល្អ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍បន្ដ សម្រាប់ឆ្នាំ២០២៣ នាពេលនេះ ក៏មានការតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចថ្មី ដល់មន្ត្រី ៥រូប ក្នុងនោះរួមមាន៖ ១. កញ្ញា អ៊ាង ម៉ូនីតា ពីប្រធានការិយាល័យទូរទស្សន៍ ទៅជាជាអនុប្រធានមន្ទីរព័ត៌មានខេត្ត ,២. លោក អាន សារិទ្ធ ជាអនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ,៣. លោក អ៊ុន ចាន់ដារ៉ា ពីអនុប្រធានការិយាល័យទូរទស្សន៍ ទៅជាប្រធានការិយាល័យទូរទស្សន៍ ,៤. លោក វណ្ណ យុទ្ធនា ជាអនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ និង៥. លោកស្រី មុនី កុសុម៉ា ផ្ទេរភារកិច្ចពីអនុប្រធានការិយាល័យ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទៅជាអនុប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ៕ ដោយ៖ឡុង សំបូរ