ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ដាស់តឿនរបស់ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក យី សិទ្ធិ និងអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង លោក ធូ ចាន់ពៅ បានធ្វើឡើងក្នុងពេលដែលលោកទាំងពីររូប បានដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសគ្រឿងញៀន ចុះល្បាតនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
នៅក្នុងដំណើរដឹកនាំកម្លាំងចុះល្បាតព្រំដែនកម្ពុជា-ឡាវ នោះ គឺបានធ្វើឡើងចាប់ពីបង្គោលព្រំដែនលេខ០៣៥ រហូតដល់ចំណុចកោះល្ងរ និងអន្លង់ផ្សោត ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក យី សិទ្ធិ បានថ្លែងថា ការចុះល្បាតតាមបណ្តាយព្រំដែនកម្ពុជា-ឡាវ នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ពិនិត្យច្រករបៀងនានា និងពង្រឹងការអនុវត្តការងារបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យបានកាន់តែសកម្មបន្ថែមទៀត និងដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន តាមណ្តោយព្រំដែនកម្ពុជា-ឡាវ ឲ្យកាន់តែមានប្រសិទ្ធភាព។
អភិបាលរងខេត្តស្ទឹងត្រែង លោក ធូ ចាន់ពៅ បានថ្លែងថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយ ក្នុងចំណោមខេត្តផ្សេងៗទៀត ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ចូលជាខេត្តដែលត្រូវចូលរួមទប់ស្កាត់ ការចរាចរណ៍គ្រឿងញៀនខុសច្បាប់ ចេញពីតំបន់ត្រីកោណមាស។ លោកបន្តថា ដើម្បីចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ រដ្ឋបាលខេត្តស្ទឹងត្រែង បានបង្កើតក្រុមការងារក្នុងប្រតិបត្តិការត្រីកោណមាស ១៥១១ ស្ទឹងត្រែង ដំណាក់កាលទី២ នៃលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង ។
លោកអភិបាលរងខេត្តស្ទឹងត្រែង ធូ ចាន់ពៅ បានថ្លែងទៀតថា សកម្មភាពចុះល្បាតតាមបណ្តោយព្រំដែននាពេលនេះ គឺជាការចុះត្រួតពិនិត្យ តាមដាន វាយតម្លៃ ពីសកម្មភាពបង្ក្រាបគ្រឿងញៀន និងចូលរួមជាមួយក្រុមការងារល្បាតតាមគោលដៅក្នុងភូមិ ដែលមានបទល្មើសគ្រឿងញៀន ។ លោកថា សកម្មភាពនេះធ្វើឡើងដោយមានការណែនាំពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានបង្អុលបង្ហាញពីអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ដែលជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង។
អភិបាលរងខេត្តស្ទឹងត្រែង លោក ធូ ចាន់ពៅ បានបញ្ជាក់ថា តាមរយៈការដាក់គោលដៅសកម្មភាពជាក់លាក់ ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្រព្រំដែននេះ ហាក់ដូចជាមានសភាពស្ងប់ស្ងាត់ ប៉ុន្តែ បើទោះបីជាស្ងប់ស្ងាត់យ៉ាងណាក្តី ក៏ក្រុមការងារ នៅតែបន្តធ្វើសកម្មភាពចុះល្បាតជាបន្តបន្ទាប់ ដើម្បីរួមគ្នាទប់ស្កាត់ការចរាចរណ៍បទល្មើសគ្រឿងញៀនឆ្លងដែន ឲ្យមានការថយចុះមកនៅកម្រិតទាបបំផុត ឬ ក៏គ្មានសោះ៕ ដោយ៖ឡុង សំបូរ