ខេត្តស្ទឹងត្រែង៖ អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភាជាតិ លោក ឈិត គឹមយាត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចុះពិនិត្យការអនុវត្តការងារ និងពិភាក្សាឈ្វេងយល់ អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងបញ្ហាផ្សេងៗជាច្រើនទៀត នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។
កិច្ចពិភាក្សាដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៧ធ្នូ ម្សិលមិញ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ព្រំដែនកម្ពុជា-ឡាវ នោះ លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានធ្វើបដិសណ្ឋារកិច្ច នូវដំណើរមកដល់របស់ គណៈប្រតិភូជាន់ខ្ពស់ គណៈកម្មការទី៥ នៃព្រឹទ្ធសភាជាតិ យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត។
អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភាជាតិ លោក ឈិត គឹមយាត បានថ្លែងថា ការដែលចុះមកដល់ទីនេះ គឺដើម្បីពិនិត្យលើការអនុវត្តការងារនៅច្រកទ្វារអន្តរជាតិ និងពិភាក្សាឈ្វេងយល់ អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ក៏ដូចបញ្ហាផ្សេងៗទៀត នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ព្រំដែនកម្ពុជា-ឡាវនេះ។
លោក ឈិត គឹមយាត បានថ្លែងទៀតថា នៅរយៈកាលកន្លងមក បញ្ហាដែលប្រឈមគួរឲ្យចាប់អារម្មណ៍នោះ គឺបញ្ហាគ្រឿងញៀន ដែលឧក្រិដ្ឋជនតែងតែលួចលាក់គ្រប់រូបភាព ធ្វើចរាចណ៍ឆ្លងកាត់នូវសារធាតុញៀនដោយខុសច្បាប់ តាមច្រកទ្វារអន្តរជាតិ និងត្រូវតែធ្វើការពង្រឹងទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន។
លោក ឈិត គឹមយាត បានថ្លែង ចាត់ទុកការជួបពិភាក្សានេះ នឹងធ្វើឲ្យយល់ជ្រាបកាន់តែច្បាស់ពីបញ្ហានានា ដែលបានកើតឡើងនៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ការខ្វះខាត និងបញ្ហាផ្សេងៗជាច្រើនទៀត។ លោកបានសន្យាថា នឹងនាំយកនូវរាល់បញ្ហាប្រឈមខ្វះខាតផ្សេងៗរបស់ ច្រកទ្វារត្រពាំងគ្រៀល ទៅជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជាតិ ឲ្យបានដឹង និងស្វែងរកដំណោះស្រាយ ជូនមន្ត្រីថ្នាក់ក្រោមជាតិ។
អភិបាលរងខេត្តស្ទឹងត្រែង លោក ធូ ចាន់ពៅ បានលើកឡើងពីភាពស្មុគស្មាញខ្លាំង នៃការលួចធ្វើចរាចរណ៍គ្រឿងញៀន ដោយគួបផ្សំនឹងភូមិសាស្ត្រ តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដូចជានៅតាមបណ្តោយដងទន្លេងមេគង្គ និងព្រំដែនគោក ដែលជាឱកាសសម្រាប់ឧក្រិដ្ឋជន នាំសារធាតុញៀនខុសច្បាប់ លួចលាក់ចរាចណ៍ឆ្លងកាត់។
លោក ធូ ចាន់ពៅ បានបញ្ជាក់ថា កន្លងមកកម្លាំងសមត្ថកិច្ចប្រចាំព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បានសហការគ្នាបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែននេះ បានជាបន្តបន្ទាប់ ទោះជាឧក្រិដ្ឋជនទាំងនោះ លួចលាក់ចរាចរណ៍តាមគ្រប់រូបភាពក៏ដោយ។ លោកបានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តស្ទឹងត្រែង នឹងខិតខំប្រឹងប្រែងសហការគ្នាឲ្យបានសកម្មបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានការហូរចូល នៃគ្រឿងញៀនពី ប្រទេសជិតខាង តាមច្រករបៀងនានា នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងនេះ៕ ដោយ៖ឡុង សំបូរ