អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងបរិក្ខារសំណង់ទឹកស្អាតមានតម្លៃ ៣ម៉ឺនដុល្លារ ទៅឧបត្ថម្ភដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ

0

ខេត្តព្រះវិហារ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ លោក ឡុង ណារ៉ូ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងបរិក្ខារសំណង់ទឹកស្អាត ដែលមានតម្លៃទឹកប្រាក់ ៣ម៉ឺនដុល្លារអាមេរិក ទៅឧបត្ថម្ភដល់អង្គភាពសម្ព័ន្ធមេត្រីភាព(អង្គភាពកងពលតូចអន្តរាគមន៍លេខ៨) ដែលមាន លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ជាមេបញ្ជាការ កំពុងឈរជើងបំពេញភារកិច្ចការពារជាតិ មាតុភូមិ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្នុងឱការបុណ្យឆ្លងឆ្នាំសកល២០២៣ នៅក្នុងភូមិសាស្ត្រទិសទី១ ប្រាសាទព្រះវិហារ​។

សម្ភារៈបរិក្ខារសម្រាប់សាងសង់ប្រព័ន្ធទឹកស្អាត ដែលគណៈប្រតិភូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាំយកមកឧបត្ថម្ភដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ចំណុះអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ កាលថ្ងៃ២មករា ម្សិលមិញនោះ រួមមាន៖ ស៊ីម៉ងត៍ ៤០តោន, ថ្មតូច ១៣០ម៉ែត្រគូប, ដែក ១២លី ១០តោន, ខ្សាច់ ២០០ម៉ែត្រគូប រួមទាំងថវិកាមួយចំនួន គិតជាទឹកប្រាក់សរុប ចំនួន ៣ម៉ឺនដុល្លាអាមេរិក។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ បានថ្លែងថា ក្រៅពីភារកិច្ចដ៏មមារញឹក ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល ទីក្រុងតាខ្មៅ និងការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការពង្រីកផ្ទៃសេវាបន្ថែម ឲ្យស្របទៅតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ទីក្រុងភ្នំពេញ ក្នុងនាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាអង្គភាពសមរភូមិក្រោយ ដែលមានស្មារតីស្រឡាញ់ទឹកដី និងជាតិ មាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពីក្រសួងអាណាព្យាបាលទាំងពីរ ក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែប្តេជ្ញាជួយឧបត្ថម្ភគាំទ្របន្តដល់កិច្ចដំណើរការ រៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ក្រោមចំណងសម្ព័ន្ធមេត្រីភាព នៃអង្គភាពទាំងពីរ ។

លោកអគ្គនាយក ឡុង ណារ៉ូ បានថ្លែងទៀតថា គិតមកដល់ពេលនេះ ទោះបីបញ្ហាជំងឺកូវីដ-19 ទើបបានធូរស្រាលឡើងវិញបន្តិចក្តី ក៏អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភ ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទាំងសម្ភារៈ បរិក្ខារ និងថវិកា ជាប្រចាំ ថ្វីត្បិតតែចំនួនមានបរិមាណតិចតួច ក៏ប៉ុន្តែ ជាទឹកចិត្តដ៏ស្មោះស្ម័គ្រ របស់មន្ត្រី-និយោជិតគ្រប់ជាន់ថ្នាក់ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាក្រុមប្រឹក្សាភិបាល និងអ្នកវិនិយោគិន ដែលសង្ឃឹមថា អាចជួយសម្រាល និងជួយបំពេញបាននូវកង្វះខាតប្រចាំថ្ងៃរបស់កងពលតូចអន្តរាគមន៍លេខ៨ បានមួយកម្រិតដែរ ។

បន្ទាប់ពីពិធីអាហារសាមគ្គីរួមគ្នារួច លោក ឡុង ណារ៉ូ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យ វឌ្ឍនភាព ដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ កំពុងខិតខំកសាង ទាំងនៅក្នុងអង្គភាព នៅក្នុងភូមិសាស្ត្រ ដែលអង្គភាពឈរជើង ផងដែរ៕ ដោយ៖ឡុង សំបូរ