ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សជាង ៣៥០០នាក់ បានចូលរួមក្នុងមិទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះជាប្រវត្តិសាស្រ្តនា ថ្ងៃ៧មករា១៩៧៩-៧មករា២០២៣ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត ,ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង  ,ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន បានអញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧មករា១៩៧៩-៧មករា២០២៣ នៅខេត្តស្ទឹងត្រែង។

មិទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧មករា ដែលបានធ្វើឡើងនៅថ្ងៃទី៧មករា២០២៣នេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត ព្រមទាំង ព្រះសង្ឃ មន្រ្តីរាជការ   កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជាប្រជាពលរដ្ឋសរុបជាង ៣៥០០នាក់។

ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង  ​បានឡើងអានសន្ទរកថា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារថា រយៈពេល ៤៤ ឆ្នាំ  បន្ទាប់ពីថ្ងៃ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជាបានក្រោកឈរឡើង និងធ្វើដំណើរទៅមុខលើមាគា៍មួយដ៏ត្រឹមត្រូវ ហើយបានបង្កើតឡើងនូវប្រវត្តិសាស្រ្តប្រកបដោយមោទនៈភាព ក្នុងបុព្វកាស្ដារ កសាង និងការពារមាតុភូមិបានយ៉ាងជោគជ័យ។

លោក ស្វាយ សំអ៊ាង បានបន្តថា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ បានបញ្ចប់ដំណាក់កាលដ៏ខ្មៅងងឹតបំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបង្កើតឡើងនូវសករាជ្យថ្មី គឺឯករាជ្យ សន្តិភាព សេរីភាព អធ្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ប្រជាជនកម្ពុជា បានចងចាំជានិច្ចថា «ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើត ទី២ របស់ខ្លួន បើគ្មានថ្ងៃទី ៧ មករា គឺគ្មានជីវិត និងគ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះឡើយ»។

សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា​ លោក ឡូយ សុផាត បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជា បានកសាងប្រទេសតាំងពីបាតដៃទទេ និងបានធ្វើឲ្យប្រទេសជាតិ មានស្ថេរភាពជាជំហានៗ រួមមាន សាមគ្គីគ្នា  ដែលមានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ខិតខំដឹកនាំនាវារកម្ពុជា ឲ្យរួចចាក់ផុតពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ក្នុងពិភពលោកមិនដែលជួបប្រទះទាល់តែសោះ។

លោក ឡូយ សុផាត បានបញ្ជាក់ថា ចំពោះដំណាក់កាលអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញ និងអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធីនយោបាយយុទ្ទសាស្រ្តចតុកោណ បានធានានូវសុខសន្តិភាព ស្ថេរភាព សន្តិភាព សណ្ដាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលដ្ឋ។

គួរបញ្ជាក់ថា នៅក្នុងមិទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧មករា នោះ ថ្នាក់ដឹកនាំបក្ស ក៏បានអញ្ជើញចែកអំណោយដល់ និវត្តជនចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន មី១កេះ  ទឹកដោះគោ ២កំប៉ុង ស្កសរ ១គីឡូក្រាម ថវិកា ៥ម៉ឺនរៀល រួមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត ផងដែរ៕ ដោយ៖ឡុង សំបូរ