អភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកថវិកាជាង ៦០លានរៀល ឧបត្ថម្ភដល់កងទ័ពជួរមុខ នៅក្នុងថ្ងៃរំលឹកខួប៤៤ឆ្នាំ នៃទិវាជ័យជំនះ៧មករា

0

ខេត្តព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកថវិកាជាង ៦០លានរៀល ទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយខ្សែបន្ទាត់ព្រំដែន នៅទិសទី១ ប្រាសាទព្រះវិហារ ត្រង់ចំណុចភ្នំខ្មោច នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ កាលពីថ្ងៃទី៧មករា២០២៣ ដែលជាថ្ងៃរំលឹកខួបលើកទី៤៤ឆ្នាំ នៃទិវាជ័យជំនះជាប្រវត្តិសាស្ត្រ លើរបបកម្ពុជាប្រជាធិបតេយ្យប៉ុល ពត (៧មករា១៩៧៩-៧មករា២០២៣)។

នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែន ដើម្បីសួរសុខទុក្ខកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារទឹកដីនាគ្រានោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ក៏បានដឹកនាំមន្ត្រីយោធាក្រោមឱវាទ ចូលរួមនៅក្នុងដំណើរទៅកាន់(តំបន់ភ្នំខ្មោច)នោះ ផងដែរ។

ថវិកាដែលបានផ្តល់ជូនកងទ័ពជួរមុខនាពេលនោះ រួមមាន៖ ទីបញ្ជារការកងពលធំអន្តរាគមន៍លេខ៣ ទទួលបាន ២០លានរៀល ,ទីបញ្ជាកងពលតូចអន្តរាគមន៍លេខ៩ ទទួលបាន ២០លានរៀល ,ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ទទួលបាន ២០លានរៀល និងថវិកា ៧លាន ៥សែនរៀលទៀត ឧបត្ថម្ភដល់យោធិន ១៥០នាក់ ម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ផងទៀត។

មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត បានរាយការណ៍ អំពីសភាពការព្រំដែន នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនថា ទាំងពេលកន្លងមក និងនៅគ្រាបច្ចុប្បន្ន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺគ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែ បើទោះបីសភាពការណ៍ព្រំដែន មានសភាពស្ងប់ស្ងាត់យ៉ាងណាក្តី ក៏កម្លាំងកងទ័ពជួរមុខទាំងអស់ នៅតែឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ដោយមិនបណ្តោយឲ្យសត្រូវ ចូលឈ្លានពានបានជាដាច់ខាត។

អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងយកអស់កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ ក្នុងកិច្ចការងារការការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នេះ។

លោកអភិបាលខេត្ត បានថ្លែង ផ្តាំផ្ញើរដល់កងទ័ពជួរមុខទាំងអស់ ត្រូវខិតខំបន្តការពារសន្តិភាព ត្រូវយល់ពីតម្លៃ និងអត្ថន័យនៃសន្តិភាព, ត្រូវអរគុណសន្តិភាព, ព្រោះសន្តិភាពនេះ បានកើតឡើងពីស្នាដៃ ពីញើសឈាមពិតៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូ និងកសាងឡើងដ៏លំបាកបំផុត ក្នុងរយៈជាង ៤០ឆ្នាំកន្លងមកនេះ ហើយបើគ្មានសម្តេចតេជោ ក៏គ្មានសន្តិភាព បើគ្មានសន្តិភាព ក៏គ្មានថ្ងៃនេះដែរ ៕​ ដោយ៖ឡុង សំបូរ