(ប៉ៃលិន)៖ មានប្រសាសន៍ក្នុងពិធីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ នៃថ្ងៃជ័យជម្នះ (៧ មករា ១៩៧៩ – ៧ មករា ២០២៣) នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ ផ្តើមចេញពីជ័យជំនះ ៧ មករា ១៩៧៩ ដែលមានរយៈពេល ៤៤ ឆ្នាំ កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិត មានសិទ្ធិសេរីភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដល់សព្វថ្ងៃនេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពូជាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ជាច្រើននាក់។
លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានអានសុន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថាៈ ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ប៉ុលពត សង្រ្គោះជាតិប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៍សាហាវយង់ឃ្នង បំផុតនេះ បានទាន់ពេលវេលា និងបានបបញ្ចប់សករាជ ដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។លោកជំទាវ ប្រធាន មានប្រសាសន៍បន្តថា៖ រយៈពេល ៤៤ ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គម យ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូល នឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍, ពីសង្រ្គាមរ៉ាំរៃ រាប់ទស្សវត្សរ៍, ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេ រហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូរធា និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ ។
នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ឆ្លងកាត់រយៈពេល ៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថាផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាននឹងកំពុងឈានទៅមុខឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ហើយកម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹក ដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមម្លប់សន្តិភាព បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ កម្ពុជាទទួលបានជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាព ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូរីដ-១៩ ជាក់ស្តែងវិស័យសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការខិតខំប្រឹងប្រែង ប្រកបដោយភាពបុរេសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលជាបន្តបន្ទាប់ ហើយលើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣ ។
សូមរំលឹកថា៖ កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ ត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើស កម្លាំង គ្មានថ្ងៃ ឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់ របស់ពលរដ្ឋមិនមានឡើយ ប៉ុន្តែក្រោយពីប្រទេសជាតិ ត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាជាណាចក្រកម្ពុជាផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន