អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា(០៧.០១.១៩៧៩-០៧.០១.២០២៣)

0

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រះសង្ឃឯកឧត្តមលោកជំទាវ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា(០៧.០១.១៩៧៩-០៧.០១.២០២៣)នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា អានសុន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមីទ្ទីងរំឮកខួបទី៤៤ នៃទិវាជ័យជម្នះមករា។

ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជា ចាន់តូក៏បានសំណេះសំណាលជាមួយសមាជិកសមាជិកា ដែលមានខ្លឹមសារដូចតទៅ ឆ្លងកាត់រយៈពេល៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពី ការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹក ដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ភាពពិតជាក់ស្ដែងទាំងនេះ បានបញ្ជាក់ច្បាស់អំពី ការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលចេញពី គណបក្សប្រជាជនកម្ពុជា ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីការចូលរួម របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់ បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។

សម្រាប់សហភាពសហព័ន្ធយុវជនខេត្តកំពង់ធំ ក៏បានឡើងប្ដេជ្ញាចិត្ត ដើម្បីជាសក្ខីភាពនៃការដឹងគុណូបការនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះយើងខ្ញុំសូមធ្វើការសច្ចា និងប្ដេជ្ញាចិត្តដូចតទៅ ប្ដេជ្ញាការពារស្មារតី៧មករា រាជរដ្ឋាភិបាលស្របច្បាប់ និងបុព្វការីថ្ងៃជ័យជម្នះ៧មករា ជារៀងរហូត។ ការពារសមិទ្ធផល៧មករា ការពារឯករាជ្យ អធិបតេយ្យជាតិ សន្តិភាព ស្ថិរភាព ឲ្យបានជាដាច់ខាត។ចូលរួមយ៉ាងសកម្ម ស្មោះត្រង់ ដោយស្មារតីមុតស្រួច ក្នុងការកែទម្រង់ដ៏ស៊ីជម្រៅ ក្រោមអភិក្រមទាំងប្រាំ(ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។ គាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីគេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសយូរអង្វែងតទៅ។