ប្រធានក្រុមការងារគណបក្សចុះជួយឃុំព្រះរំកិល បានណែនាំដល់ថ្នាក់ដឹកនាំបក្សនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំនូមពរជូនប្រជាពលរដ្ឋឱ្យបានឆាប់ ដើម្បីបង្កើនទំនុកចិត្តដល់ពួកគាត់ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាអាណត្តិទី៧ខាងមុខនេះ ជូនបក្សប្រជាជនឲ្យទទួលបានជោគជ័យ

0

ខេត្តស្ទឹងត្រែង៖ ការថ្លែងណែនាំរបស់ លោក ចៅ មុន្នីរ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារចុះជួយឃុំព្រះរំកិល បានធ្វើឡើងកាលពីថ្ងៃទី១២កុម្ភះម្សិលមិញ ក្នុងគ្រាដែលលោក បានដឹកនាំមន្ត្រីបក្សខេត្ត ចុះផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀត ជូនដល់ក្រុមការងារគណបក្សឃុំព្រះរំកិល នៃស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក ចៅ មុន្នីរ៉ា​ បានថ្លែង ពាំនាំការផ្តាំផ្ញើសាកាសួសាកសួរសុខទុក្ខពីសំណាក់ លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោក ស្វាយ សំអ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ជូនចំពោះថ្នាក់ដឹកនាំបក្សនៅក្នុងមូលដ្ឋាន សមាជិកសមាជិកាបក្សប្រជាជន ក៏ដូចប្រជាជននៅគ្រប់មូលដ្ឋាទាំងអស់ ផងដែរ។

លោក ចៅ មុន្នីរ៉ា បានថ្លែង កោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វជាតិ មាតុភូមិ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការដឹកនាំប្រទេសកម្ពុជា ចេញពីរបបវាលពិឃាត ដែលជារបបប្រល័យពូជសាសន៍ជាតិឯង ព្រមទាំងបានដឹកនាំកម្ពុជា ពីបាតដៃទទេ រហូតមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា។

លោក ចៅ មុន្នីរ៉ា​ បានថ្លែង បញ្ជាក់ថា ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលបានដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា បានធ្វើដំណើរ មកដល់ចំណុចមួយ ដែលជាប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋមានកម្រិតជីវភាពធូរធារ និងមានចំណេះដឹងកាន់តែល្អប្រសើរ ផងដែរ។

ប្រធានក្រុមការងារបក្សខេត្តស្ទឹងត្រែង ​ចុះជួយឃុំព្រះរំកិល នៃស្រុកបុរីអូរស្វាយសែនជ័យ លោក ចៅ មុន្នីរ៉ា​ បានណែនាំដល់ប្រធានគណបក្សស្រុក និងឃុំនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវខិតខំរួមគ្នាគ្រប់គ្រងសមាជិកបក្សឱ្យបានល្អ និងរឹងមាំ ព្រមទាំងបន្តចុះផ្សព្វផ្សាយពីការបោះឆ្នោតឱ្យបានញឹកញាប់ ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ប្រជាពលរដ្ឋ ត្រូវខិតខំដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ត្រូវបន្តគិតគូរឱ្យបានចប់សព្វគ្រប់ ក្នុងការត្រៀមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យទទួលបានជោគជ័យ ៕ ដោយ៖ឡុង សំបូរ