ខេត្តកំពង់ធំ៖ ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបណ្ឌិត លី សាម៉េត ,រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន ដែលជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សនយោបាយ មកពីគណបក្សផ្សេៗគ្នាក្នុងខេត្តចំនួន ១៦៥នាក់ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣។
ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាបក្សនយោបាយទាំង ១៦៥នាក់នោះទៀត ក៏មានការចូលរួមពី លោក លោកស្រី ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រមាណជាង ២៥០នាក់ ផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមាននយោបាយឈ្នះ ឈ្នះ មានមោទនភាព តម្លាភាព និងភាពស្មោះត្រង់ បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនជាបន្តបន្ទាប់ ភាពជោគជ័យរបស់ រាជរដ្ឋាភិបាល គឺការដោះស្រាយពីបញ្ហាទុក្ខកង្វល់ជាច្រើន របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងការដឹកនាំប្រកបដោយទស្សនវិស័យ។
ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន លោកបណ្ឌិត លី សាម៉េត បានមានប្រសាសន៍ថា ប្រធានគណបក្សប្រជាជនកម្ពុជា ជំរុញដល់សមាជិក សមាជិកាបក្សទាំងអស់ គឺ ត្រូវត្រៀមខ្លួនទៅបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នីតិកាលទី៧ខាងមុខនេះ។
លោកបណ្ឌិត លី សាម៉េត បានមានប្រសាសន៍ទៀតថា ការប្ដេជ្ញាចិត្តអំពីយុទ្ធសាស្ត្ររបស់គណបក្ស គឺត្រូវពង្រីកភាពឈ្នះ និងត្រូវចូលរួមយ៉ាងសកម្ម ដើម្បីលើកកម្ពស់ភាពជោគជ័យធំៗរបស់ គណបក្សប្រជាជនកម្ពុជា ត្រូវប្រើប្រាស់កម្លាំងសម្រុក ភាពយុត្តិធម៌របស់គណបក្ស ជួបជុំជាមួយសមាជិក សមាជិកសគណបក្ស ជាមួយមហាជន ត្រូវសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលជាសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់បញ្ជា និងចូលរួមយ៉ាងសកម្ម ក្នុងការទំនាក់ទំនងជាមួយសប្បុរសជននានា ដើម្បីរៀបចំផែនការកសាងថ្មី ក្នុងការឃោសនា ឲ្យមានដំណើរការប្រកបដោយគុណភាពខ្ពស់ និងទទួលបានជោគជ័យ ៕ដោយ៖ឡុង សំបូរ