ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ចុះផ្សាយព័ត៌មានណាដែលពិតប្រាកដ

0

(កំពង់ធំ)÷ ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំដើម្បីរកបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានលឿនបំផុត មានទំនុកចិត្ត និងព័ត៌មានពិតប្រាកដ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍មួយចំនួន ដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវតែមកចុះបញ្ជីឱ្យបានគ្រប់ៗគ្នាដើម្បីងាយស្រួលក្នុងការចុះបេសកកម្មនៅតាមមូលដ្ឋាននិងចង់ដឹងពីចំនួនអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ធំផងដែរ។ទន្ទឹមនិងនេះផងដែរ ចំពោះការចាក់ផ្សាយព័ត៌មានផ្សេងៗដែលពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ ឬក៏ចុះបង្ក្រាបនៅតំបន់ណាមួយសូមផ្សាយព័ត៌មានណាដែលពិតប្រាកដជាក់ស្ដែង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋគាត់ទទួលបាននូវភាពជាក់លាក់ ត្រឹមត្រូវ និងយុត្តិធម៌។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម សុក ហៃអភិបាលរងខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថា កន្លងមុខនេះមានអ្នកសារព័ត៌មានយើងជាច្រើនអ្នក ដែលបានចងអង្រឹងនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រស្រុកសន្ទុក ស្រុកសណ្ដាន់ និងនៅតាមស្រុកជាច្រើនទៀត ជាករណីមួយជួយបង្ក្រាបដល់ឈ្មួញ ក្នុងការដឹកជញ្ជូនផល្លានុផលផ្សេងៗពីតំបន់ព្រៃឡង់។ ពិសេសគឺត្រូវតែសហការជាមួយក្រុមជំនាញដែលឈរជើងប្រចាំការនៅក្នុងមូលដ្ឋាន ដើម្បីការពារនៅធនធានធម្មជាតិ ពិសេសគឺបទល្មើសផ្សេងៗដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែក ក្នុងវិស័យព័ត៌មានប្រកបដោយតម្លាភាព។

ជាចុងក្រោយឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ក៏បានជំរុញបន្ថែមដល់អ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ ត្រូវតែយកចិត្តទុកដាក់ក្នុងការបង្កើតគ្រុបមួយដោយឡែកសម្រាប់ជជែកតែក្រុមអ្នកសារព័ត៌មានតែប៉ុណ្ណោះ។ ពាក់ព័ន្ធនិងបញ្ហាចុះយកព័ត៌មាន នៅពេលដែលក្រុមជំនាញចុះធ្វើការងារ អ្នកសារព័ត៌មានមិនមានសិទ្ធិទៅសាកសួរនៅពេលដែលក្រុមជំនាញកំពុងធ្វើសកម្មភាពឬក៏សិក្សាភូមិសាស្ត្រអ្វីមួយ លុះត្រាតែក្រុមជំនាញនោះចប់ពីការងារទើបមានសិទ្ធិសាកសួរ និងសុំយោបល់ក្នុងការធ្វើកិច្ចសម្ភាសន៍បាន។ សូមឱ្យអ្នកសារព័ត៌មានទាំងអស់ពេលចុះយកព័ត៌មាន ត្រូវតែបញ្ជាក់ទីតាំងឲ្យពិតប្រាកដនៅក្នុងមូលដ្ឋាន ពីគ្រួសារជួបការលំបាកដើម្បីឲ្យអាជ្ញាធរភូមិ/ឃុំគាត់ទទួលបានព័ត៌មានពិតពីអ្នកសារព័ត៌មាន ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ។