ខេត្តព្រះវិហារ៖ កងទ័ពកម្ពុជា និងថៃ បានសន្យាបន្តរឹតចំណងសាមគ្គីភាព មិត្តភាព ពង្រឹងកិច្ចទំនាក់ទំនងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនរួមគ្នា ឲ្យបានល្អប្រសើរថែមទៀត។
ការសន្យារួមគ្នានោះ បានធ្វើឡើងកាលពីថ្ងៃទី២៣កុម្ភះ ម្សិលមិញ តាមរយៈនៃការធ្វើលំហាត់បង្ហាញអំពីវិធីជួយសង្គ្រោះបឋម ដល់ជីវិតមនុស្សដែលកំពុងជួបគ្រោះថ្នាក់ផ្សេងៗ ជូនដល់កងទ័ពកម្ពុជា នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ នៅក្នុងភូមិសាស្ត្រតាថាវ នៃទិសទី១ប្រាសាទព្រះវិហារ ។
នៅក្នុងការធ្វើលំហាត់របៀបជួយសង្គ្រោះជីវិតមនុស្ស របស់កងទ័ពជើងគោកភូមិន្ទថៃ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ វុធ្ធិឆ្ឆ័យ អិសៈរៈ អគ្គនាយករង នាយកដ្ឋានសុខាភិបាល កងទ័កជើងគោកភូមិន្ទថៃ និងជានាយករងពេទ្យអាស៊ាន ផ្នែកបេះដូង នោះ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ក៏បានដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមពិនិត្យមើលពីការបង្ហាញ អំពីវិធីជួយសង្គ្រោះជីវិតមនុស្សជាបឋម ដែលកំពុងជួបគ្រោះថ្នាក់ផ្សេងៗ តបតាមការអញ្ជើញរបស់ កងទ័ពជើងគោគថៃ។
មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានថ្លែង ដោយសម្តែងការស្វាគមន៍ និងសោមនស្សរីករាយ គ្រាដែលកងទ័ពថៃ បានចែករំលែកចំណេះដឹងពីវិធីសង្គ្រោះជីវិតមនុស្ស មកដល់កងទ័ពកម្ពុជា ពិសេសកងទ័ព នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នាពេលនេះ។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន និងលោកឧត្តមសេនីយ៍ទោ វុធ្ធិឆ្ឆ័យ អិសៈរៈ បានសន្យារួមគ្នាថា កងទ័ពកម្ពុជា និងថៃ នៅតែបន្តរឹតចំណងមិត្តភាព សាមគ្គីភាព ការពង្រឹងកិច្ចទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកងទ័ព នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ ឲ្យបានកាន់តែល្អប្រសើរថែមទៀត៕ ដោយ៖ឡុង សំបូរ