មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ចុះពិនិត្យលើការសាងសង់សមិទ្ធផលនានា និងសួរសុខទុក្ខនាយទាហាន និងពលទាហានទាំងអស់ នៅទីបញ្ជាការស្រាលព្រៃព្រីង ក្នុងភូមិសាស្ត្រមុំបី

0

ខេត្តព្រះវិហារ៖ មេបញ្ជាការរងកងទ័ពជើងគោក លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក ដែលជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នៅថ្ងៃទី ២៣កុម្ភះ ម្សិលមិញ បានដឹកនាំមន្ត្រីយោធាជំនាញក្រោមបញ្ជា  ចុះត្រូតពិនិត្យលើការសាងសង់សមិទ្ធផលនានា និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងទីបញ្ជាការស្រាល ព្រៃព្រីង នៃភូមិសាស្ត្រតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

នៅក្នុងដំណើរចុះត្រួតពិនិត្យ លើការសាងសង់សមិទ្ធផលនានា ​នោះផងទៀត លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក ​បាននាំយកអំណោយអំពូលភ្លើងសូឡា យកទៅតំឡើងបំភ្លឺ ដល់ទីបញ្ជាការស្រាល ចំនួន ៣២ផ្ទាំង និងលោកឧត្តមសេនីយ៍ បានថ្លែង កោតសរសើរ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីអង្គភាព ធ្វើឲ្យអង្គភាពមានភាពរីកចម្រើនឈានឡើងជាលំដាប់។

ស្របពេលជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក ក៏បានធ្វើការផ្សព្វផ្សាយ នូវញត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ដល់នាយទាហាន និងពលទាហានទាំងអស់ ហើយបានប្រាប់ឲ្យប្រឆាំងដាច់ខាត និង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលប្រឆាំងនឹង រាជរដ្ឋាភិបាល ស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនាពេលថ្មីៗនេះ ក្នុងគោលបំណងធ្វើការកែនគរ ប្រមូលផ្ដុំផ្ដួលរំលំ រាជរដ្ឋាភិបាល ឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថ ដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរព ស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត លើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុងមាត្រា៧ថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ” ។

នាយទាហាន និងពលទាហានទាំងអស់ បានប្តេជ្ញារួមគ្នាថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះគ្រប់រូប សូមប្ដេជ្ញាដាច់ខាត ការពាររដ្ឋធម្មនុញ ដែលជាច្បាប់កំពូល  របស់ព្រះរាជាណាចក្រកម្ពុជា និងសូមប្រកាសជាឱឡារឹក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួក បើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការ ចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕ ដោយ៖ឡុង សំបូរ