អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តស្មារតីដឹងគុណនយោបាយឈ្នះ ឈ្នះ និងគាំទ្រការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន តាមរយៈការប្រើប្រាស់ឆន្ទៈ ទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសុខសន្តិភាព សិទ្ធិសេរីភាព ជំនឿ សាសនា និងការអភិវឌ្ឍន៍លើគ្រប់វិស័យ

0

ខេត្តព្រះវិហារ៖ ប្រសាសន៍របស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនប្រកាសសនីយប័ត្រ ព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ជាព្រះគ្រូអនុគណស្រុកឆែប ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្ត «សុវណ្ណគីរី» ស្ថិតក្នុងភូមិឆែបលិច ឃុំ ឆែបមួយ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាឆាន់ និងសមិទ្ធផលនានាក្នុងវត្ត «ទ្រីសទ្ធារាម»នៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៣  ស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី​ បានសម្តែងការអបអរសាទរ ចំពោះព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ក្នុងឱកាសទទួលបានការតែងតាំងជា ព្រះគ្រូអនុគណស្រុកឆែប បន្ទាប់ ពីទទួលបានជំនឿទុកចិត្តពីគណៈសង្ឃគ្រប់ព្រះអង្គ ពិសេស គឺទទួលបានជំនឿ ទុកចិត្តពីប្រជាពលរដ្ឋ ដែលព្រះគ្រូអនុគណ បានកសាងនូវសមិទ្ធផលនានា ជាច្រើននៅទីអារ៉ាមនេះ ដែលសុទ្ធសឹងតែកើតចេញពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ តាមរយៈការប្រតិបត្តិវប្បធម៌ចែករំលែកគ្នា។

លោក គីម រិទ្ធី បានថ្លែង ចាត់ទុកការប្រើប្រាស់វប្បធម៌ចែករំលែកគ្នានេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីមនោសញ្ចេតនា សាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដែលយើងទាំងអស់គ្នាបានខិតខំកសាងទុកជាទីគោរពសក្ការៈ ដើម្បីបានជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា យើងទាំងអស់គ្នាបានធ្វើបុណ្យរួមគ្នា ក្រោមម្លប់ព្រះពុទ្ធសាសនាតែមួយ និងក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការអភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋរស់នៅប្រកបដោយក្តីសុខដុមរម្យនា។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី​ បានថ្លែងផ្តាំផ្ញើ និងការក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមបន្ដស្មារតីដឹងគុណ នយោបាយឈ្នះឈ្នះ និងបន្ដគាំទ្រការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាល ទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន ដើម្បីទទួលបាននូវសុខសន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ រួមទាំងសិទ្ធិសេរីភាព ជំនឿ សាសនា ការរក្សាបាននូវសាមគ្គីភាព ស្ថិរភាពនយោបាយ និងសន្ដិសុខសង្គម ដោយមិនរើសអើង និងមិនមានការបែងចែកសង្គម ជំនឿ សាសនា និងនិន្នាការនយោបាយអ្វីទាំងអស់។

លោកអភិបាលខេត្ត បានអំពាវនាវ ឲ្យបន្ដប្រពៃណី វប្បធម៌ សន្ដិភាព ចេះស្រលាញ់យោគយល់ អធ្យាស្រ័យគ្នា និងរួមរស់ជាមួយគ្នា ចេះគោរពគ្នាទៅវិញទៅមក ប្រកបដោយក្ដីមេត្តា ករុណា សណ្ដោស ប្រណី រវាងសហគមន៍សាសនាផ្សេងៗ ទាំងនៅក្នុងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យសង្គមកម្ពុជា ជាសង្គមមួយ ប្រកបដោយសុជីវធម៌ សីលធម៌ ចរិយាធម៌ និងគុណធម៌ កើតជាមូលដ្ឋានគ្រឹះ នៃគោលការណ៍ លទ្ធិ ជំនឿ សាសនា និងវិស័យសាសនានីមួយៗ ផងទៀត ៕ ដោយ៖ឡុង សំបូរ