មន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ(ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល)

0

កំពង់ធំ÷  មន្ទីរព័ត៌មានខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

លោកស្រី អ៊ូច សុជាតិ ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ បានឡើងអានជីវប្រវត្តិ នៃការកើតឡើងទិវានារីអន្តរជាតិ៨មីនា ដោយបានបញ្ជាក់ថានៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញកាត់ដេរនៅទីក្រុងស៊ីកាកូនិង ញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី។

លោកស្រី លឹម ពីយោលីន ប្រធានការិយាល័យសោទស្សន៍ ឡើងអានទាំងស្រុងនូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ទិវានារីអន្តរជាតិ ៨មីនាឆ្នាំ២០២៣ ដើម្បីឲ្យស្ត្រីទាំងអស់មានសិទ្ធិក្នុងការចូលរួមបញ្ចេញយោបល់ និងចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម។

ឆ្លៀតនៅក្នុងឱកាសនេះលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានមានបរសាសន៍ថា ការអបអរសាទរចំពោះទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ នេះក្រោមប្រធានបទស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល នឹងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលា និងត្រូវលើកដំកើនតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ ។

លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍ឯកក្នុងការដឹកនាំអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការឯកភាពជាតិពេញលេញ ហើយបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រោយពីពិធីចប់ លោកជំទាវ លោក លោកស្រីក៏បានប្រគល់បាច់ផ្កា និងជូនកាដូអនុស្សាវរីយ៍ដល់មន្ត្រីរាជការទាំងអស់នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងថតទុកជាអនុស្សាវរីយ៍ផងដែរ។