សន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅបន្តឆ្នាំ ២០២៣របស់សមាគមន៍សហគ្រិនវ័យក្មេងកម្ពុជាសាខា ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅបន្តឆ្នាំ ២០២៣ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យនាថ្ងៃទី៣ ខែមិនា ឆ្នាំ ២០២៣។

លោក ឡាយ គឹមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ថ្នាក់ជាតិបានមានប្រសាសន៍ថា សន្និបាតបូកសរុបរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាស្ថាប័នតំណាងឲ្យអាជីវកររកស៊ីក្នុងខេត្តបន្ទាយមានជ័យ ដែលជាដៃគូយ៉ាងសំខាន់ របស់រាជរដ្ឋាភិបាល។ កន្លងមកសមាគមសហគ្រិនវ័យក្មេងកម្ពុជា
សាខាខេត្តបន្ទាយមានជ័យ បានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យសមាគមមានការរីកចម្រើនប្រកបដោយនិរន្តរភាព សមាគមមានរចនាសម្ព័ន្ធតាមគោលការណ៍ថ្នាក់ជាតិផងដែរ។

លោកលីសុវណ្ណារិទ្ធអភិបាលរងខេត្តបានមានប្រសាសន៍ថា៖
សន្និបាទបូកសរុបការងារសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីនេះឡើងដើម្បីបង្កើនភាពស្និទ្ធស្នាលទំនាក់ទំនងរវាងសមាជិក ជាមួយសមាជិក រវាងសមាជិកសហគមន៍ជាមួយស្ថាប័នដៃគូ និងទំនាក់ទំនង រវាងអាជីវករ ជាមួយវិស័យសាធារណៈ ដើម្បីជួយឲ្យអាជីវករមានភាពងាយស្រួលនិងការធ្វើអាជីវកម្មមានភាពរីកចម្រើនផងដែរ។
លោកលីសុវណ្ណារិទ្ធបានមានប្រសាសន៍បន្តថា ដោយមើលឃើញថាអាជីវករដែលប្រកបអាជីវកម្ម ក្នុងវិស័យឯកជន ត្រូវមានទំនាក់ទំនងចាំបាច់ជាមួយវិស័យសាធារណៈ ដែលជាស្ថាប័នរបស់រដ្ឋ ហើយភាគីទាំងសងខាង ខ្លាំងមិនអាចខ្វះគ្នាបាន ដូច្នេះដើម្បីជួយសម្រួលឲ្យវិស័យទាំងពីរអាចទំនាក់ទំនង គ្នាបានយ៉ាងមានប្រសិទ្ធភាព នោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តបន្ទាយមានជ័យបានចងក្រងប្រមូលផ្ដុំអាជីវករ ចូលរួមជា សមាជិកនិងធ្វើការសម្របសម្រួលទំនាក់ទំនង ជាមួយវិស័យសាធារណៈ ដូចជាក្រសួងស្ថាប័ន មន្ទីរ អង្គភាពដើម្បីប្រកបអាជីវកម្ម ប័ណ្ណប៉ាតង់ អាជ្ញាប័ណ្ណឬ លិខិតអនុញ្ញាតធ្វើអាជីវកម្មផ្សេងៗដោយស្របច្បាប់តាមនីតិវិធី។
លោកបានបន្តទៀតថា កន្លងមកសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានជួយសម្របសម្រួលដល់អាជីវករជាច្រើនមកហើយឲ្យទទួលបានប័ណ្ណប៉ាតង់ អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតធ្វើ អាជីវកម្មផ្សេងៗដោយមើលឃើញពីសារៈសំខាន់នៃទំនាក់ទំនង រវាងអាជីវករនិងវិស័យសាធារណៈ ក៏ដូចជាស្ថាប័នឯកជន ដែលជាដៃគូសហការក្នុងនាមរដ្ឋបាលខេត្តនិង សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យ នៅតែបន្តបេសកកម្មនេះរហូតជានិរ័ត្ននិងមានប្រសិទ្ធភាពខ្ពស់បំផុតទៀតផង៕ដោយ៖ឃិន គន្ធា