អាជ្ញាធរខេត្តព្រះវិហារកម្ពុជា និងឡាវ បានប្តេជ្ញាបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន និងភាពសុខសាន្តសម្រាប់ប្រជាជនរស់នៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ !

0

ខេត្តព្រះវិហារ៖ ការប្តេជ្ញាចិត្តរួមគ្នា រវាងអភិបាលខេត្តព្រះវិហារ កម្ពុជា លោក គីម រិទ្ធី និងអគ្គកុងស៊ុល នៃសាធារណរដ្ឋ ប្រជាធិប​តេយ្យ ប្រជាមានិត​ឡាវ ប្រចាំខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា លោក ឃុំសន  ខុនប៉ាសើត បានធ្វើឡើងនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ គ្រាដែលលោកអគ្គកុងស៊ុល និងភរិយា បានចូលជួបសំដែងការគួរសម នៅសាលាខេត្តព្រះវិហារ ក្នុងឱកាសដែលលោក នឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ជាអគ្គកុងស៊ុល នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។

អភិបាលខេត្តព្រះវិហារ កម្ពុជា លោក គីម រិទ្ធី បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ គឺព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ពិសេសនៅ​តាមបណ្តាខេត្តដែលនៅ​ជាប់​ព្រំ​ដែន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរកម្ពុជា-ឡាវ ក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តរក្សា នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន និងភាពសុខសាន្ត សម្រាប់​ប្រជាជន​រស់នៅ​តាម​បណ្ដោយ​ព្រំដែន នៃប្រទេសទាំងពីរ(កម្ពុជា-ឡាវ)។

អគ្គកុងស៊ុលឡាវ លោក ឃុំសន  ខុនប៉ាសើត បានថ្លែង ដោយសំដែងនូវមនោសញ្ចេតនាអរគុណយ៉ាងជ្រាលជ្រៅ និងចងចាំទុកជានិច្ច ចំពោះការស្រឡាញ់រាប់អានរបស់ថ្នាក់ ដឹកនាំ និងប្រជាជនក្នុងខេត្តព្រះវិហារ ហើយបើទោះបីជិតបញ្ចប់​បេសកកម្ម​ទៅវិញក្តី ក៏លោកអគ្គកុងស៊ុល នៅតែចងចាំជានិច្ច ចំពោះទំនាក់ទំនង និងការសាមគ្គីភាពល្អ រវាងខេត្តនៅជាប់ព្រំប្រទល់ និងក្នុងតំបន់។

លោកអគ្គកុងស៊ុលឡាវ បានថ្លែងកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចម្រើនលើ​គ្រប់វិស័យ របស់​ខេត្តព្រះវិហារ ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា ទាំងមូលផងដែរ៕ដោយ៖ឡុង សំបូរ