ខេត្តព្រះវិហារ៖ ប្រសាសន៍ជំរុញរបស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានធ្វើឡើងក្នុងពិធី «បរិច្ចាកឈាមដោយស្ម័គ្រចិត្ត» ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដី ស្រលាញ់” ដែលពិធីនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ សាលាស្រុកជ័យសែន ខេត្តព្រះវិហារ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងទៀតថា មកដល់គ្រាបច្ចុប្បន្ន ខេត្តព្រះវិហារ មានបណ្ដាញផ្ដល់ឈាមគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ជូនមន្ទីរពេទ្យ និងមាន លទ្ធភាពផ្គត់ផ្គង់ឈាម ដល់បណ្ដាខេត្តផ្សេងៗទៀត ផងដែរ។ លោកថា កាលពីពេលកន្លង មក ខេត្តព្រះវិហារ គឺជាខេត្តខ្វះឈាម តែក្នុងរយៈពេល ៤-៥ខែមកនេះ បន្ទាប់ពីមានការចូល រួមបរិច្ចាកឈាម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ មន្ដ្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធ តាមរយៈ «យុទ្ធនាការការផ្ដល់ឈាមប្ដូរវេន» តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្ត ជាបន្ដ បន្ទាប់ បានធ្វើឱ្យខេត្តព្រះវិហារ ជាខេត្តដែលមានឈាមគ្រប់គ្រាន់ ហើយលើសពីនេះ ក៏អាចផ្គត់ផ្គង់ដល់បណ្ដាខេត្តផ្សេងៗ បានថែមទៀតផង។
លោក គីម រិទ្ធី បានថ្លែងចាត់ទុក ការចូលរួមផ្តល់ឈាមពីអ្នកស្ម័គ្រចិត្តទាំងអស់ នាពេលនេះ គឺជាផ្នែកមួយ នៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់»។ លោកបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់ មន្ទីរពេទ្យខេត្តព្រះវិហាររបស់យើង ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាមជាចាំបាច់។
គ្រូពេទ្យជំនាញខេត្តព្រះវិហារ បានបញ្ជាក់ថា អ្នកបរិច្ចាគឈាម គឺនឹងទទួលបាន ការពិនិត្យសុខភាព និងវិភាគឈាមដោយឥតគិតថ្លៃ ហើយលក្ខខណ្ឌនៃការផ្តល់ឈាម គឺ ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៥ឆ្នាំ មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម ក្នុងនោះ ចំពោះស្ត្រីអាចផ្តល់ឈាមបានក្នុងរយៈពេល ៤ខែម្តង។ ចំណែក បុរសអាចផ្តល់ឈាមបាន ក្នុងរយៈពេល ៣ខែម្តង ៕ ដោយ៖ឡុង សំបូរ