ប្រធានសាលាដំបូង និងអយ្យការខេត្តព្រះវិហារ ចង់ឃើញស្រ្តីចូលរួមក្នុងវិស័យសង្គមឲ្យបានច្រើន និងប្រកបដោយការគាំពារសិទ្ធិស្មើនឹងបុរស !

0

ខេត្តព្រះវិហារ៖ ប្រធានសាលាដំបូងខេត្តព្រះវិហារ លោក យុត ពន្លឺ និងប្រធានអយ្យការ នៃសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ បានដឹកនាំការរៀបចំធ្វើពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ​ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគ្គសម័យឌីជីថល”។ ពិធីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាដំបូងខេត្តព្រះវិហារ។

នៅក្នុងពិធីនេះផងទៀត ក៏មានការចូលរួមពី លោកអនុប្រធាន លោក-លោកស្រីចៅក្រម ព្រះរាជអាជ្ញារង លោកស្រីប្រធានលេខា អនុប្រធានលេខា ក្រឡាបញ្ជី មន្រ្តីលេខា និងមន្រ្តីជាប់កិច្ចសន្យា នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ទាំងអស់ ប្រកបដោយបរិយាកាសស្និតស្នាល និងសប្បាយរីករាយយ៉ាងក្រៃលែង។

ក្នុងឱកាសនោះដែរ ក៏មានជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនជូនដល់លោកស្រីចៅក្រម លោកស្រីប្រធាន អនុប្រធានលេខា ប្រធានការិយាល័យ និងលោកស្រីដែលជាមន្ត្រី នៃលេខាធិការដ្ឋានរដ្ឋបាល មន្រ្តីជាប់កិច្ចសន្យា ព្រមទាំងមន្ត្រីហាត់ការជានារីទាំងអស់ ដែលបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ថែមទៀតផង។

ប្រធានសាលាដំបូងខេត្តព្រះវិហារ លោក យុត ពន្លឺ និងប្រធានអយ្យការ នៃសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ បានមានប្រសាសន៍ លើកទឹកចិត្តដល់មន្ត្រីដែលជាស្ត្រីទាំងអស់ ដែលក្នុងរយៈពេលកន្លងមក តែងបានខិតខំបំពេញការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន និងល្អប្រសើរ ក្នុងការបម្រើសេវាសាធារណៈ និងកិច្ចការងារសង្គមនានាជាច្រើនទៀត ក្នុងក្របខ័ណ្ឌជាមន្ត្រីបម្រើកិច្ចការងារ នៅក្នុងសាលាដំបូង និងអយ្យការខេត្តព្រះវិហារ។

លោកបានថ្លែងទៀតថា លោកចង់ឃើញស្រ្តី ចូលរួមក្នុងវិស័យសង្គមឲ្យបានច្រើន និងប្រកបដោយការគាំពារសិទ្ធិស្មើនឹងបុរស ដោយគ្មានការរើសអើង ស្របតាមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគ្គសម័យឌីជីថល ដ៏ទំនើបនេះ៕ដោយ៖ឡុង សំបូរ