ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានបើកប្រាក់គោលនយោបាយជូនគ្រួសារយោធិនជាង ៤០គ្រួសារ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ !

0

ខេត្តព្រះវិហារ៖ គ្រួសារយោធិនពលី មរណៈ បង្ករស្លាប់ និងបាត់ខ្លួន ៤៤គ្រួសារ ទទួលបានប្រាក់គោលនយោបាយ (ប្រាក់ឧបត្ថម្ភបូជាសព) ពីទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ​ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣​ ។

ពិធីបើកប្រាក់គោលនយោបាយ (ប្រាក់ឧបត្ថម្ភបូជាសព) នាពេលនោះ បានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ហ៊ឹម ហាប់ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ពុត ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ ក្រុមការងារបើកប្រាក់គោលនយោបាយឧបត្ថម្ភបូជាសព ជូនគ្រួសារយោធិន​ និងគ្រួសារយោធិន ៤៤គ្រួសារទៀត ផងដែរ។

នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ត្រី ពុត ម៉ោល​ បានថ្លែង សំណេះសំណាល សាកសួរសុខទុក្ខដល់គ្រួសារយោធិន ពលី មរណៈ បង្ករស្លាប់ និងបាត់ខ្លួន។ លោកឧត្តមសេនីយ៍ បានបន្តថា កន្លងមកយោធិនទាំងអស់ បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិ មាតុភូមិ ខ្លះត្រូវបានពលី និងខ្លះទៀតត្រូវធ្លាក់ខ្លួនពិការ ហើយត្រូវទទួលបានការបើកប្រាក់គោលនយោបាយ ពីថ្នាក់ដឹកនាំនាពេលនេះ ថែមទៀតផង។

លោកឧត្តមសេនីយ៍ត្រី ពុត ម៉ោល បានបញ្ជាក់ថា ជាការឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងបានគិតគូ យកចិត្តទុកដាក់ដល់យោធិន និងគ្រួសារយោធិនទាំងអស់ជានិច្ច។

លោកឧត្តមសេនីយ៍ត្រី ពុត ម៉ោល មានក្តីសង្ឃឹមថា បងប្អូនទាំងអស់ នៅពេលបានបើកប្រាក់គោលរបបរួចហើយ សូមបងប្អូនយកទៅប្រើប្រាស់ឲ្យមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកចំរើន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ និងដើម្បីបន្តវេនរួមគ្នា កសាង និងអភិវឌ្ឍប្រទេសយើង ឲ្យសំបូររុងរឿង ក្រោមម្លប់នៃសុខសន្តិភាព៕ ដោយ៖ឡុង សំបូរ