អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បញ្ឈប់ការកាប់ទន្ទ្រានដីព្រៃ ការដុតបំផ្លាញព្រៃឈើ និងការបរបាញ់សម្លាប់សត្វព្រៃ ហើយត្រូវរួមគ្នាអភិរក្សសហគមន៍ទេសចរណ៍ធម្មជាតិ ភ្នំត្នោត-ភ្នំពក ដើម្បីលើកកម្ពស់វិស័យទេសចរ និងតម្លៃបរិស្ថានជាតិ

0

ខេត្តព្រះវិហារ៖ ការអំពាវនាវរបស់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារា តំណាងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានធ្វើឡើងនៅថ្ងៃទី១២មីនាម្សិលមិញ ក្នុងគ្រាដែលលោកបានដឹកនាំមន្ត្រីបរិស្ថានខេត្ត និងអាជ្ញាធរនៅថ្នាក់មូលដ្ឋាន ចូលរួមជាមួយ លោក គឹម ណុង អគ្គនាយកក្រសួងបរិស្ថាន ចុះជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍ទេសចរណ៍ភ្នំត្នោត-ភ្នំពក ដែលតំបន់ទេសចរណ៍នោះ គ្រប់គ្រងការពារ និងអភិរក្ស ដោយលោក ប៊ែន ដាវិស និងភរិយា ស្ថិតនៅក្នុងភូមិតាបស ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នៅក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ប្រជាសហគមន៍ទេសចរណ៍ភ្នំត្នោត-ភ្នំពក របស់អគ្គនាយកក្រសួងបរិស្ថាន លោក គីម ណុង និងអភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា នាពេលនោះ ក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពី លោក ប៊ែន ដាវិស និងភរិយា ផងដែរ ។

អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា បានថ្លែងឲ្យដឹងថា ដំណើរចុះមកកាន់តំបន់សហគមន៍ទេសចរណ៍ភ្នំត្នោត-ភ្នំពក នាពេលនោះ ក្នុងគោលបំណង ដើម្បីសម្របសម្រួល រវាងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាមួយសហគមន៍ភ្នំត្នោត-ភ្នំពក ឲ្យមានការយោគយល់ រួបរួមសាមគ្គី ចេះអត់អោនឲ្យគ្នា និងរួមគ្នាការពារ អភិរក្សតំបន់ភ្នំតោ្នត-ភ្នំពក ដែលជាតំបន់ទេសចរណ៍នៅទីដាច់ស្រយាលនេះ ឲ្យស្ថិតនៅគង់វង្ស និងស្រស់បំព្រងជានិច្ច ជាពិសេសការពារកុំឲ្យមានការកាប់ទន្ទ្រាន និងការដុតដីព្រៃតំបន់ការពារ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់សត្វព្រៃគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិនោះ។

លោក សុខ សាន្តតារា បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាសហគមន៍ទេសចរភ្នំត្នោត-ភ្នំពក ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ការពារ ឲ្យមានការចេះយោគយល់ អត់អោនគ្នាទៅវិញទៅមក ហើយត្រូវបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សម្លាប់សត្វព្រៃគ្រប់ប្រភេទ ត្រូវបញ្ឈប់សកម្មភាពកាប់រុករានទន្ទ្រានដីព្រៃរដ្ឋ នៅក្នុងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិភ្នំត្នោត-ភ្នំពក តទៅទៀត។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែង ចាត់ទុកការបាត់បង់ព្រៃឈើ និងសត្វព្រៃ គឺធ្វើឲ្យបាត់បង់នូវសោភ័ណ្ឌភាព បាត់ប្រាក់ចំណូលជាតិពីគម្រោងរ៉េតបូក និងអាចធ្វើឲ្យបាត់បង់ផលប្រយោជន៍ផ្ទាល់របស់ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើវិស័យទេសចរ ថែមទៀតផង។ លោកបញ្ជាក់ថា បើកាលណាមានអ្នកទេសចរចូលមកទស្សនា តំបន់សហគមន៍ទេសចរណ៍ធម្មជាតិភ្នំត្នោត-ភ្នំពក ប្រជាពលរដ្ឋនៅទីនោះក៏អាចលក់ដូរសម្ភារៈ វត្ថុអនុស្សាវរីយ៍ និងផលិតផល ដែលផលិតដោយដៃប្រជាសហគមន៍ និងក៏អាចទទួលបានផលប្រយោជន៍នានាជាច្រើនទៀត ផងដែរ។

លោក សុខ សាន្តតារា បានបញ្ជាក់ទៀតថា រយៈកាលកន្លងទៅថ្មីៗនេះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ធ្លាប់បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ឲ្យបន្តសហការគ្នា ជាមួយកងកម្លាំងពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ត្រូវរួមគ្នាជាមួយ លោក ប៊ែន ដាវិស បន្តខិតខំថែរក្សា ការពារ និងអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ភ្នំត្នោត-ភ្នំពកនេះ ឲ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រង ទុកជាប្រយោជន៍ជាតិ ប្រយោជន៍យើងទាំងអស់គ្នា និងសម្រាប់កូនចៅយើងគ្រប់ៗជំនាន់ទៅមុខទៀត៕​ ដោយ៖ឡុង សំបូរ