ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ជំរុញរបស់ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក ហៀង សុភ័ក្រ បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះធ្វើអធិការកិច្ច និងជំរុញឲ្យមានការពង្រឹងបន្ថែម លើការអនុវត្តច្បាប់ ដល់មន្ត្រីនគរបាលយុត្តិធម៌គ្រប់ប្រភេទ នៅសាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង និងបានចុះត្រួតពិនិត្យពន្ធនាគារ និងកន្លែងឃុំខ្លួនអ្នកទោស កាលពីថ្ងៃទី១៦មីនាម្សិលមិញ នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងការចុះធ្វើអធិការកិច្ចនោះផងទៀត ក៏មានការអញ្ជើញចូលរួមពី លោក ទុំ សោភ័ណ្ឌ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន សាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក កុល បុន ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមន្ត្រីបម្រើការនៅមហាអយ្យការសាលាឧទ្ធរណ៍ត្បូងឃ្មុំ ព្រមទាំង នគរបាលយុត្តិធម៌គ្រប់ប្រភេទនៅខេត្តស្ទឹងត្រែង រួមមាន កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីពន្ធដារ និងមន្ត្រីគយ និងរដ្ឋាករ ផងដែរ។
អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក ហៀង សុភ័ក្រ បានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ អំពីនីតិវិធីក្នុងការបង្ក្រាបបទល្មើស ការកសាងសំណុំរឿងលើជនល្មើស និងបានបញ្ជាក់អំពីនីតិវិធី លើការកសាងសំណុំរឿងឱ្យបានត្រឹមត្រូវ តាមអង្គហេតុ និងអង្គច្បាប់ ទើបជានគរបាលយុត្តិធម៌ ប្រកបដោយភាពជោគជ័យ។ លោកអគ្គព្រះរាជអាជ្ញារង ក៏បានបញ្ជាក់ផងដែរថា នគរបាលយុត្តិធម៌គ្រប់ប្រភេទ មុននឹងបង្ក្រាបបទល្មើស និងការរុះរើទីតាំងបទល្មើស ត្រូវតែមានគោលការណ៍ពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ជានិច្ច។
ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជេត ខេមរា បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌គ្រប់ប្រភេទនៅខេត្តស្ទឹងត្រែងនេះ បានបើកកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អ ទាំងការបង្ក្រាបបទល្មើស និងការចងក្រងសំណុំរឿងបទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព។ លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា នៅអង្គការអយ្យការខេត្តស្ទឹងត្រែង បានបែងចែកតួនាទីភារកិច្ច ដល់ព្រះរាជអាជ្ញារង ឲ្យទទួលខុសត្រូវ តាមតួនាទី ភារកិច្ចរៀងៗខ្លួន និងអនុវត្តន៍បានប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះ អង្គការអយ្យការ បានអនុវត្ត ដីការ សាលក្រម និងសាលដីកា បានជាបន្តបន្ទាប់ ប្រកបដោយភាពយុត្តិធម៌។
ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក កុល បុន បានណែនាំ ដល់មន្ត្រីអនុរក្សពន្ធនាគារ ខេត្តស្ទឹងត្រែង សុំឲ្យដឹកបញ្ជូនជនជាប់ចោទ ដែលបានប្តឹងទៅសាលាឧទ្ធរណ៍ ទៅឡើងសាវនាការ នៅសាលាឧទ្ធរណ៍ ហើយកុំឱ្យមានធ្វើការលិខិតក្លែងបន្លំថា ជនជាប់ចោទ អត់ព្រមទៅឡើងសវនាការ នៅសាលាឧទ្ធរណ៍នោះឲ្យសោះ ប្រសិនបើធ្វើរបៀបនេះ គឺជាបទល្មើសក្លែងឯកសារ អាចមានទោសដល់ខ្លួន។
គួរបញ្ជាក់ថា ពន្ធនាគារខេត្តស្ទឹងត្រែង ក្នុងពេលបច្ចុប្បន្ន មានការសាងសង់មន្ទីរឃុំឃាំង ព័ទ្ធដោយកំផែងយ៉ាងរឹងមាំ និងសមរម្យ ពិសេសមានកន្លែងឃុំឃាំងជនសង្ស័យ ជនជាប់ចោទ និងពិរុទ្ធជន បានយ៉ាងត្រឹមត្រូវ គឺជាកន្លែងដែលមានសុវត្ថិភាពខ្ពស់។ ហើយក្នុងរយៈកាលកន្លងទៅ ពន្ធធនាគារខេត្ត ក៏ធ្លាប់មានអ្នកទោហែកគុករត់គេចខ្លួន ប៉ុន្តែ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ត តាមប្រមាញ់ចាប់យកមកដាក់ទោសទាំងអស់ បានវិញហើយដែរ៕ដោយ៖ឡុង សំបូរ