សមិទ្ធផលនៅក្នុងវត្តឦសានគីរីសាមគ្គីមានជ័យ នៃខេត្តព្រះវិហារ ដែលសាងសង់ក្នុងតម្លៃទឹកប្រាក់ ២៣ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី មាស សុភា !

0

ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស លោក មាស សុភា ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលសាងសង់អស់ថវិកា ២៣ម៉ឺនដុល្លារ នៅក្នុងវត្តឦសានគីរីសាមគ្គីមានជ័យ (ហៅវត្តប្រយុទ្ធ) ស្ថិតនៅក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្នុងវត្តឦសានគីរីសាមគ្គីមានជ័យ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នោះ ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ,មន្ត្រីខេត្ត ,ក្រុង ,ព្រះសង្ឃ ,ប្រជាពុទ្ធបរិស័ទ ,លោកគ្រូ ,អ្នកគ្រូ ,សិស្សានុសិស្ស និងប្រជាពលរដ្ឋមូលដ្ឋានដ៏ច្រើនកុះករ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះសង្ឃ និងជូនចំពោះមន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលមានព្រះវត្តមាន និងវត្តមានចូលរួមក្នុងពិធីបញ្ចុះខ័ណ្ឌសីមា នៅក្នុងវត្តប្រយុទ្ធនៅពេលនេះ ផងដែរ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង កោតសរសើរពីភាពរីកចម្រើនវិស័យព្រះពុទ្ធសាសនា ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលកត្តាទាំងនេះ បានផ្តើមចេញពីកត្តាសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ដឹកនាំដ៏ត្រឹមត្រូវ ដែលការកសាងប្រទេស បានផ្តើមចេញពីបាតដៃទទេ រហូតមានអ្វីគ្រប់យ៉ាងមកដល់បច្ចុប្បន្ន។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង អំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីធ្វើឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែមទៀត ជាពិសេស ត្រូវចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយនានារបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានឧបត្ថម្ភបច្ច័យ ៣២លាន ៥សែនរៀល ជូនគណៈកម្មាការអាចារ្យវត្ត សម្រាប់បន្តកសាងសមិទ្ធផលនានា នៅក្នុងវត្តឦសានគីរីសាមគ្គីមានជ័យ (ហៅវត្តប្រយទ្ធ) ថែមទៀតផង៕ ដោយ៖ឡុង សំបូរ