ខេត្តព្រះវិហារ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សាមេធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអញ្ជើញបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូរមុខតំណែង មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ៣៥២នាក់ ស្រី ៣០នាក់ មកពីក្រុង-ស្រុកទាំង៨ នៃខេត្តព្រះវិហារ។
ពិធីបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូមុខដំណែង មន្ត្រីនគរបាលជាតិទាំង ៣៥២នាក់ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៧មីនា ម្សិលមិញនោះ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីនគរបាលជាតិជាន់ខ្ពស់ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារា មេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ ឃុំ-សង្កាត់ នាយ និងពលនគរបាលសរុប ៦១៨នាក់ ផងដែរ។
នាយឧត្តមសេនីយ៍ ខេង សាមេធ បានអញ្ជើញបំពាក់ឋានន្តរសក្តិ និងប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមន្ត្រីនគរបាលជាតិ ទាំង ៣៥២នាក់ គឺចាប់ពីថ្នាក់អនុសេនីយ៍ត្រី ដល់ថ្នាក់អនុសេនីយ៍ឯក។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានខិតខំបំពេញតួរនាទី ភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ទាំងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបានភាពកក់ក្តៅ និងការចូលរួមក្នុងវិស័យមនុស្សធម៌ និងសង្គមធម៌បានយ៉ាងល្អប្រសើរ ថែមទៀតផង។
អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សាមេធ បានថ្លែង ដាស់តឿនដល់មន្ត្រីនគរបាលដែលទើបទទួលបានមុខតំណែងថ្មី និងការតម្លើងឋានន្តរសក្តិទាំងអស់ ត្រូវបន្តខិតខំអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ត្រូវពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងត្រូវឈានចូលមកដល់នាពេលខាងមុខ នេះឲ្យបានល្អប្រសើរ៕ ដោយ៖ឡុង សំបូរ