ខេត្តព្រះវិហារ៖ ការប្តេជ្ញាចិត្ត រវាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា និងមេបញ្ជាការរងយោធាខេត្តបារៀ-វង់តាវ យោធភូមិភាគទី៧ នៃកងទ័ពស្ម័គចិត្តប្រជាជនវៀតណាម លោកវរសេនីយ៍ឯក ផាម ហ្វាងត្វឹង គឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលមេទ័ពកម្ពុជា និងវៀតណាម បានជួបសួរសុខទុក្ខគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា រួមទាំងថ្នាក់ដឹកនាំ និងនាយទាហានទាំងអស់ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូយោធាខេត្តបារៀ-វង់តាវ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ផាម ហ្វាងត្វឹង មេបញ្ជាការរងយោធាខេត្តបារៀ-វង់តាវ យោធភូមិភាគទី៧ នៃកងទ័ពស្ម័គចិត្តប្រជាជនវៀតណាម ដែលបានអញ្ជើញមកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ តំបន់ប្រតិបត្តិការសឹក និងអង្គភាពចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានចូលមកដល់ ប្រមាណ ២សប្តាហ៍ទៅមុខទៀតនេះ។
នៅក្នុងកិច្ចពិភាក្សារួមគ្នា រវាងភាគីមេទ័ពទាំងពីរកម្ពុជា-វៀតណាម គឺបានសន្យា និងការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនាក់ល្អ និងបន្តរឹតចំណងសាមគ្គីភាព រវាង អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគ៤ កម្ពុជា ជាមួយ យោធាខេត្តបារៀ-វង់តាវ យោធភូមិភាគទី៧ កងទ័ពស្ម័គចិត្តប្រជាជនវៀតណាម ឲ្យបានកាន់តែរឹងមាំ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមទាំងលើកកម្ពស់វិស្ស័យកងទ័ពប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឲ្យកាន់តែជិតស្និតនិងល្អប្រសើរឡើងថែមទៀត៕ ដោយ៖ឡុង សំបូរ