ខេត្តព្រះវិហារ៖ អង្គភាពកងពលធំអន្តរាគមន៍លេខ៣ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក និងយោធាខេត្តបារៀ-វង់តាវ នៃយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ផាម ហ្វាំងត្វឹង មេបញ្ជាការរងយោធាខេត្តបារៀ-វង់តាវ នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងការចុះអនុស្សរណៈ ចងសម្ព័ន្ធមេត្រីភាព រវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃទិសទី១ ប្រាសាទព្រះវិហារ។
នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ កម្ពុជា របស់កងទ័ពប្រជាជនវៀតណាម នាគ្រានោះ មេទ័ពប្រទេសទាំងពីរកម្ពុជា-វៀតណាម បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងការលើកកម្ពស់រិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និត រវាង រដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឲ្យនៅស្ថិតស្ថេរជាអមតៈ ។
មេបញ្ជាការរងកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ដែលជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ កម្ពុជា បានសំដែងនូវគារវកិច្ចស្វាគមន៍ យ៉ាងស្មោះស្ម័គ្រ ចំពោះ រដ្ឋាភិបាល ប្រជាជន និងកងទ័ពប្រជាជនវៀតណាម ដែលជានិច្ចកាលតែងបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន មកដល់កងយោធពលខេមរភូមិន្ទ ជារៀងរហូតមក ជាពិសេស អ្វីដែលប្រជាជនកម្ពុជាគ្រប់រូប ចងចាំមិនអាចបំភ្លេចបាន គឺគុណូប្បការៈដ៏ធំធេង របស់កងទ័ពប្រជាជនវៀតណាម ចំពោះការលះបង់សាច់ ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នង ប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ ខែ និង ២០ថ្ងៃ ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម មកកម្ពុជានាឱកាសនេះ ពិតជាមានអត្ថន័យយ៉ាងធំធេង និងជាការសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការល្អ ការពង្រឹងការទំនាក់ទំនងល្អ ក្នុងការរិតចំណងមិត្តភាព សាមគ្គីភាពយ៉ាងជិតស្និទ្ធ រវាងកងទ័ព និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលធ្លាប់មានប្រវត្តិតស៊ូ និងមានប្រពៃណីសាមគ្គីគ្នា ជាបងប្អូន ក្នុងនាមភូមិផងរបងជាមួយ ក្នុងភូមិសាស្ត្រឥណ្ឌូចិន ជាយូរលង់ណាស់មកហើយ ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេទ័ពកម្ពុជា និងលោកវរសេនីយ៍ឯក ផាម ហ្វាំងត្វឹង មេទ័ពវៀតណាម បានថ្លែង ដោយភ្ជាប់ជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំថា កងទ័ព ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម នឹងបន្តរិតចំណងមេត្រីភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជិតស្និត និងរឹងមាំជាអមតៈ ៕ ដោយ៖ឡុង សំបូរ