បណ្ឌិតហ៊ុន ម៉ាណែត ផ្តល់បរិក្ខាសុខាភិបាល តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោTYDA ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង !

0

ខេត្តស្ទឹងត្រែង៖ បណ្ឌិតហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់សម្ភារះបរិក្ខាសុខាភិបាល ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង តាមរយៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោTYDA​។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង នៅថ្ងៃទី៣០មីនាម្សិលមិញ ​បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះប្រគល់សម្ភារះ បរិក្ខាសុខាភិបាលទាំងនោះ ជូនដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។ ពិធីប្រគល់អំណោយទាំងនោះ បានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង។

សម្ភារះសុខាភិបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈក្រុមគ្រូពេទ្យសម្តេចតេជោ TYDA នាពេលនោះ រួមមាន៖ ម៉ាស់ក្រណាត់ ៥ម៉ឺនដុំ និងសម្ភារះបរិក្ខាជាច្រើនមុខផ្សេងៗ ចំនួន ១៥០ប្រអប់ទៀត ផងដែរ។

លោក ស្វាយ សំអ៊ាង បានថ្លែង ដោយសម្តែងនូវការអរគុណជាពន្លឹក ចំពោះបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានប្រគល់សម្ភារះបរិក្ខាសុខាភិបាលជាច្រើនមុខមកដល់ រដ្ឋបាលខេត្ត ដើម្បីបន្តប្រគល់ជូនដល់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង សម្រាប់យកទៅប្រើប្រាស់ឲ្យចំគោលដៅ និងតាមតម្រូវការជាចាំបាច់។

លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែង អំណរគុណ និងដឹងគុណជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោTYDA មកពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង នាពេលកន្លងមក ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែង ចាត់ទុកការប្រគល់សម្ភារះបរិក្ខាសុខាភិបាល និងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោTYDA មកព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង គឺជាការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់ មន្ទីរសុខាសុខាភិបាលខេត្ត ដែលមានលោក អ៊ុង សូវៀត ជាប្រធានមន្ទីរ សូមយកសម្ភារះបរិក្ខាសុខាភិបាលទាំងនេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ និងទៅតាមតម្រូវការចាំបាច់ ដើម្បីបម្រើដល់សុខភាពសាធារណៈ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង យើងនេះ៕ ដោយ៖ឡុង សំបូរ