សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់អគារសាលប្រជុំមួយខ្នង មានតម្លៃទឹកប្រាក់ ៤២៨លានរៀល ដល់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃទិសទី១ ប្រាសាទព្រះវិហារ !

0

ខេត្តព្រះវិហារ៖ អគារសាលប្រជុំមួយខ្នង នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលបានសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ ៤២៨លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី៣មេសា២០២៣ ម្សិលមិញ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិ សំហេង ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ ទោ ដួង សំនៀង  និងនាយទាហានទាំងអស់ បានទទួលស្វាគមន៍យ៉ាងរាក់បំផុត នៅក្នុងដំណើរមកដល់របស់ អង្គភាពសម្ព័ន្ធមេត្រីភាព រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិ សំហេង និងប្រតិភូមអមដំណើរ។

លោកឧត្តមសេនីយ៍ ទោ ដួង សំនៀង បានឡើងរាយការណ៍ អំពីសភាពការណ៍ព្រំដែន ថា គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ គឺមានសភាពស្ងប់ស្ងាត់ល្អ ព្រោះត្បិតក្នុងគ្រាបច្ចុប្បន្ន តំបន់ព្រំដែនបាន និងកំពុងប្រែក្លាយជាព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍន៍ ដោយអនុវត្តន៍ទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ ទោ ដួង សំនៀង​ បានថ្លែងទៀតថា បើទោះបីស្ថានភាពព្រំដែនល្អប្រសើរយ៉ាងនេះក្តី ក៏កងទ័ពទាំងអស់មិនធ្វេសប្រហែស និងក៏មិនមើលស្រាលសភាពការណ៍នោះដែរ ហើយថែមទាំងខិតខំពង្រឹងស្មារតី ដើម្បីការពារបូរណភាពទឹកដី មិនឱ្យសត្រូវមករំលោភបំពានបានជាដាច់ខាត និងត្រៀមខ្លួនជានិច្ច ក្នុងការអនុវត្តន៍បទបញ្ជារបស់ រាជរដ្ឋាភិបាល ,ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ,ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាត រាល់ឧបាយកល និងកលល្បិចប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ពីក្រុមជនអគតិណាមួយ។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធនៅគ្រប់ទីកន្លែង។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានប្រាប់កងទ័ពទាំងអស់ សូមកុំឲ្យជឿតាមការញុះញង់កុហក់ បោកប្រាស់របស់ ក្រុមជនអគតិមួយចំនួន ដែលមានបំណង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវពង្រឹងឆន្ទះក្នុងការការពាររាជបល្ល័ង្គ ការពាររដ្ឋសភាជាតិ និងត្រូវការពារដាច់ខាត រាជរដ្ឋាភិបាល ដែលបានកើតចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នាពេលកន្លងមក។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង បានថ្លែង កោតសរសើរដល់វីរៈភាពកងទ័ពទាំងអស់ ដែលមានស្មារតីតស៊ូ និងអង់អាចក្លាហាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ឲ្យទទួលបានសុខសន្តិភាព រហូតមកដល់គ្រាបច្ចុប្បន្ន ក្រោមគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា៕ ដោយ៖ឡុង សំបូរ