ខេត្តព្រះវិហារ៖ ការដាក់ចេញនូវបទបញ្ជារបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៧មេសា២០២៣ នៅសាលាខេត្តព្រះវិហារ។
នៅក្នុងកិច្ចប្រជុំនោះផងទៀត ក៏មានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំខេត្ត- ក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមេឃុំ-ចៅសង្កាត់-មេប៉ុស្ដិ៍ឃុំ-សង្កាត់ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង រកការជំរុញ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងក្រុង-ស្រុកទាំង៨ ត្រូវពង្រឹងយន្តការ លើការទប់ស្កាត់ការកាប់ទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ ការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស និងការប្រព្រឹត្តបទល្មើសគេចពន្ធឆ្លងដែនគ្រប់ប្រភេទដោយខុសច្បាប់ ត្រូវពង្រឹងសន្តិសុខ សណ្តាបធ្នាប់សាធារណៈ នៅមុន កំឡុងពេល និងនៅក្រោយពេលបោះឆ្នោត ជ្រើរើស តំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងឈានមកដល់នាពេលខាងមុខ និងត្រូវបន្តពង្រឹងយន្តការ ក្នុងការចុះកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផល ជាក់ស្តែង។
លោក គីម រិទ្ធី ចេញបញ្ជាដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ត្រូវពង្រឹងការអនុវត្តន៍តួនាទី ភារកិច្ចជំនាញលើការផ្តល់សេវា ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ត្រូវរៀបចំឲ្យមានមន្រ្តីប្រចាំការទទួលខុសត្រូវ ដើម្បីដោះស្រាយការស្នើសុំសេវាផ្សេងៗ ពីប្រជាពលរដ្ឋ ដោយកាត់បន្ថយបញ្ហាស្មុគស្មាញ និងពន្លឿនពេលវេលា ផ្តល់សេវាត្រឡប់វិញឲ្យបានឆាប់រហ័ស ត្រូវពង្រឹងយន្តការតាមដាន ត្រួតពិនិត្យលើបញ្ហាដឹកនាំការអនុវត្តរបស់ គណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងស្រាវជ្រាវបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពរបស់ មន្ត្រីនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវពង្រឹង និងពង្រីកប្រជាការពារ បន្ថែម ឲ្យសមស្របតាមតម្រូវការ និងភូមិសាស្រ្តជាក់ស្តែងរបស់មូលដ្ឋាន ត្រូវបង្កើនការចុះផ្សព្វផ្សាយ និងរៀចំវេទិការសាធារណៈ ដោយមានគ្រប់សមាសភាពពាក់ព័ន្ធចូលរួម ដើម្បីប្រជាពលរដ្ឋកាន់តែស្វែងយល់ ពីខ្លឹមសារគោលនយោបាយទាំង ៧ចំណុច និងបានចូលរួមទាំងអស់គ្នា ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ អំពី ច្បាប់ពាក់ព័ន្ធ និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងត្រូវបង្កើនការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីស្រាវជ្រោវទប់ស្កាត់បទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព៕ ដោយ៖ឡុង សំបូរ