ខេត្តព្រះវិហារ៖ សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៨ លោកស្រី ចឹក ហេង ដែលជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំមន្ត្រីខេត្ត និងមន្ត្រីមូលដ្ឋាន ចុះសួរសុខទុក្ខ និងការនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះ ៦០គ្រួសារ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តសាលវន្តរង្សី ហៅវត្តស្រយ៉ង់កោះកែរ ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ប្រជាពលរដ្ឋរងគ្រោះទាំង ៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, និងថវិកា ៥ម៉ឺនរៀល ក្នុងនោះគ្រួសារដែលរងគ្រោះខូចខាតផ្ទះទាំងស្រុង ទទួលបានបន្ថែម នូវតង់១ និងប្រគេនព្រះសង្ឃដែលគង់ក្នុងវត្តសាលវន្តរង្សី នូវ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងបច្ច័យ ៥ម៉ឺនរៀល ផងដែរ។
នៅក្នុងរបាយការណ៍របស់ សាខាកាកបាទក្រហមខេត្ត បានបង្ហាញថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះទាំង ៦០គ្រួសារនោះ រស់នៅក្នុងភូមិចំនួន៣ មានផ្ទះ ២៧ខ្នងដែលរងការខូចខាតទាំងស្រុង និង ៣៣ខ្នងទៀត រងការខូចខាតជាធម្យម ដែលហេតុការខ្យល់កន្ត្រាក់នោះ បានកើតឡើងនៅយប់ថ្ងៃទី៦មេសា២០២៣ ស្ថិតនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកស្រី ចឹក ហេង បានថ្លែង ពាំនាំនូវការសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត ពិសេសពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូមសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង បង្ករដោយគ្រោះធម្មជាតិ ដែលមិននឹកស្មានដល់នេះ។
លោកស្រី ចឹក ហេង បានថ្លែង ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពេលមេឃកំពុងធ្លាក់ភ្លៀង មានផ្គរ រន្ទះ ឬ កំពុងធ្លាក់ខ្យល់ខ្លាំង ត្រូវបិទទូរទស្សន៍ ឬ ទូរស័ព្ទ ហើយត្រូវរកកន្លែងណាដែលមានសុវត្ថិភាព ត្រូវថែរក្សាសុខភាពឲ្យបានល្អ រស់នៅត្រូវមានអនាម័យខ្ពស់ ត្រូវហូបស្អាត ផឹកទឹកស្អាតជានិច្ច ដើម្បីសុខភាពខ្លួនឯង និងគ្រួសារ៕ដោយ៖ឡុង សំបូរ