រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់អំណោយជូន កងកម្លាំងប្រដាប់អាវុធពីរអង្គភាពនៅទិសជួរមុខ ក្នុងខេត្តព្រះវិហារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !

0

ខេត្តព្រះវិហារ៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ នៅថ្ងៃទី៨មេសាម្សិលមិញ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ទៅប្រគល់ជូន កងកម្លាំងប្រដាប់អាវុធ ២អង្គភាព នៅទិសជួរមុខ គឺអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគទី៤ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំ៣ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ១សប្តាហ៍ទៀត ខាងមុខនេះ។

អំណោយដែលកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ទទួលបាននាពេលនោះ ដោយអង្គភាពនីមួយៗ ទទួលបានថវិកា ២លានរៀល ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត សរុបអស់ទឹកប្រាក់ប្រមាណ ១១២លានរៀល រួមជាមួយប្រាក់ឧបត្ថម្ភរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្តសរុប ២៥លានរៀល ជូនដល់កងកម្លាំងទាំង២អង្គភាព និងកងកម្លាំងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល ផងដែរ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានថ្លែង ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅ ពីលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនចំពោះនាយទាហាន នាយនគរបាល ពលទាហាន ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី រក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ជូនប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

លោក មាស សុខសេនសាន បានថ្លែងទៀតថា ដើម្បីបន្តពង្រឹងការរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកងកម្លាំងទាំងពីរអង្គភាព ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងនាំយកអំណោយមកចែកជូន កងទ័ព និងកងនគរបាលការពារព្រំដែនគោក នៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់គ្រាបច្ចុប្បន្ន។

លោក មាស សុខសេនសាន បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសេដ្ឋកិច្ច និងសង្គមកម្ពុជា ប្រកបដោយភាពប្រាកដប្រជា និងគ្រប់ជ្រុងជ្រោយ ដើម្បីឈានដល់ការសម្រេចបានចក្ខុវិស័យរយៈពេលវែង គឺប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក មាស សុខសេនសាន បានថ្លែង កោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ កងកម្លាំងប្រដាប់អាវុធ ទាំងយោធា និងនគរបាលជាតិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ មិនគិតពីការនឿយហត់ ឬជួបឧបសគ្គ ក្នុងបុព្វហេតុការពារបូរណភាពទឹក អធិបតេយ្យភាពជាតិ ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ឲ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕ដោយ៖ឡុង សំបូរ