អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខកម្លាំងនគរបាលជាតិ ទិសភូមិភាគ៤ នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់ !

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងការនាំយកអំណោយទៅផ្តល់ជូន កម្លាំងនគរបាលជាតិ ទិសភូមិភាគ៤ កាលពីរសៀលថ្ងៃទី៩មេសាម្សិលមិញ ស្ថិតនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានចូលមកដល់ នា៤ថ្ងៃទៀតខាងមុខនេះ។

អំណោយដែលត្រូវបានចែកជូន កម្លាំងនគរបាលជាតិ ប្រចាំទិសភូមិភាគ៤ នាពេលនោះ រួមមាន៖ ថវិកា ២០លានរៀល  ស្រាបៀកម្ពុជា ១០០កេស ទឹកបរិសុទ្ធអរុណា ៥០កេស និងកងកម្លាំង ១០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៤ម៉ឺនរៀល ផងដែរ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែបានគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដែលបាន និងកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី និងរក្សាសុខ សន្តិភាព ជូនប្រទេសជាតិ និងប្រជាជនទាំងមូល។

លោកអភិបាលខេត្ត បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលកងកម្លាំងនគរបាលជាតិ ទិសភូមិភាគ៤ សម្រេចបាននាពេលកន្លងមក ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារនូវសុខសន្តិភាព ស្ថិរភាពតាមបន្ទាត់ព្រំដែន ការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាកើតមានឡើង នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

លោកអភិបាលខេត្តព្រះវិហារ បានក្រើនរំលឹកដល់កម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូលរបស់ខ្លួន និងត្រូវចូលរួមថែរក្សាឱ្យបាននូវសុខ សន្តិភាព  ស្ថិរភាពនយោបាយ ដោយបន្តគាំទ្រការដឹកនាំរបស់ សម្តេចតេជោ ជាបន្តទៀត ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ លោកក៏បានជូនពរដល់កម្លាំងនគរបាលការពារព្រំដែនទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជ័យជំនះលើគ្រប់ភារកិច្ចចំពោះមុខជានិច្ច នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ៕ ដោយ៖ឡុង សំបូរ