អាជ្ញាធរខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តយ៉ាឡាយវៀតណាម ប្តេជ្ញារក្សាទំនាក់ទំនង និងបន្តពង្រឹងសាមគ្គីភាព មិត្តភាពយូរអង្វែង ឲ្យនៅតែល្អផូរផង់ជានិច្ច !

0

ខេត្តស្ទឹងត្រែង៖ ការប្តេជ្ញាចិត្ត រវាងអាជ្ញាធរខេត្តស្ទឹងត្រែងកម្ពុជា និងអាជ្ញាធរខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើឡើងនៅថ្ងៃទី១២មេសានេះ នៅសាលាខេត្តស្ទឹងត្រែង ក្នុងគ្រាដែល លោក ចូវ ង៉ុកទ័ន អនុលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម សួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។

អភិបាលខេត្តស្ទឹងត្រែង កម្ពុជា លោក ស្វាយ សំអ៊ាង ,ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ រួមទាំងមន្ត្រីខេត្តជាច្រើនរូបទៀត  បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ នូវដំណើរអញ្ជើញមកដល់របស់ គណៈប្រតិភូខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមវៀតណាម ។

អភិបាលខេត្តស្ទឹងត្រែង កម្ពុជា លោក ស្វាយ សំអ៊ាង​ បានលើកឡើងពីទំនាក់ទំនងល្អ ការពង្រឹងសាមគ្គីភាព មិត្តភាពជិតស្និត និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តយ៉ាឡាយ វៀតណាម និងខេត្តស្ទឹងត្រែង កម្ពុជា។ លោកបន្តថា កម្ពុជា-វៀតណាម មានទំនាក់ទំនងល្អជាប្រពៃណី រីឯការជូនពរគ្នាទៅវិញទៅមក រវាងខេត្ត នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម គឺជាការបង្ហាញឲ្យឃើញ ពីកាយវិការក្នុងការបន្តរឹតចំណងសាមគ្គីភាព មិត្តភាព ឲ្យកាន់តែរឹងមាំថែមទៀត សម្រាប់កូនចៅជំនាន់ក្រោយ ។

អនុលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ វៀតណាម លោក ចូវ ង៉ុកទ័ន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ជាពិសេសលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដែលបានទទួលស្វាគមន៍ គណៈប្រតិភូខេត្តយ៉ាឡាយ យ៉ាងរាក់ទាក់នាពេលនេះ។

លោក ចូវ ង៉ុកទ័ន បានបន្តថា កម្ពុជា-វៀតណាម គឺជាមិត្តដ៏ល្អ និងមានទំនាក់ទំនងល្អលើគ្រប់វិស័យ ជាពិសេស មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ក្នុងការសាមគ្គីគ្នាប្រយុទ្ធជាមួយសត្រូវរួមគ្នា នៅក្នុងសម័យសង្គ្រាម។ លោកបានថ្លែង រកការស្នើសុំឲ្យកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ និងការរឹតចំណងមិត្តភាពរបស់ខេត្ត នៃប្រទេសទាំងពីរ ឲ្យបានកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើន លើជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

អនុលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ លោក ចូវ ង៉ុកទ័ន បានថ្លែង កោតសរសើរចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងបានធ្វើឲ្យខេត្តស្ទឹងត្រែង មានការផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រង គួរជាទីទាក់ទាញ៕ដោយ៖ឡុង សំបូរ