មន្ត្រីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកអំណោយឧបត្ថម្ភដល់ កងទ័ពការពារព្រំដែននៅទិសទី១ ប្រាសាទព្រះវិហារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

0

ខេត្តព្រះវិហារ៖ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ជ្រា សុចិន្តា និងលោក ស៊ិន ប៊ុល តំណាងលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ ចុះជួបសួរសុខទុក្ខ និងការនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកឧបត្ថម្ភដល់ អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលមានលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ។

អំណោយដែលត្រូវចែកជូនកងទ័ព នៃទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាពេលនោះ រួមមាន៖ មីជាតិ ១ពាន់កេស, ត្រីខកំប៉ុងរូបស្រី៣នាក់ ៥០កេសធំ, ឆៃពៅផ្អែម ៥០០គីឡូក្រាម, ទឹកត្រីរូបបង្កង ២០០យួរ, ទឹកស៊ីអ៊ីវរូបគោ ២០០យួរ និងទឹកក្រូចចម្រុះ ចំនួន ១០០កេស ផងដែរ ។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសម្តែងការស្វាគមន៍ ចំពោះដំណើរចុះសួរសុខទុក្ខ និងការនាំយកអំណោយ ផ្តល់ជូនកងទ័ព នៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ នាពេលនេះ។ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ក៏បានរាយការជូន គណៈប្រតិភូ អំពីសភាពការណ៍ព្រំដែន គឺមានលក្ខណះល្អប្រសើរ ពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។

រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ជ្រា សុចិន្តា បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពកងពលធំអន្តរាគមន៍លេខ៣ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ។

លោក ជ្រា សុចិន្តា បានថ្លែងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាមានសន្តិភាព សុវត្តិភាព ស្ថិរភាពនយោបាយពេញលេញ និងបាននាំមកនូវការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ លោកថា នៅពេលដ៏ខ្លីខាងមុខនេះ ប្រទេសកម្ពុជាយើង និងមានព្រឹត្តិការណ៍ធំៗ ចំនួនពីរ គឺ១-ការរៀបចំពិធីប្រគួតកីទ្បាស៊ីហ្គេម ដែលកម្ពុជាបានអាក់ខាន ៦៤ឆ្នាំ កន្លងមកហើយ និង ២-ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោករដ្ឋលេខាធិការ បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលអង្គភាពកងពលធំអន្តរាគមន៍លេខ៣ សម្រេចបាននាពេលកន្លងមក ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារនូវសុខសន្តិភាព ស្ថិរភាពតាមបន្ទាត់ព្រំដែន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

លោករដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែង ក្រើនរំលឹកកងទ័ពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូលរបស់ខ្លួន និងត្រូវចូលរួមថែរក្សាឱ្យបាន នូវសុខ សន្តិភាព  ស្ថិរភាពនយោបាយ ដោយបន្តគាំទ្រការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕ដោយ៖ឡុង សំបូរ