មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ៦០គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា ដែលជា​ប្រធានសមា​គម អតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងការនាំយកអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ​ ច័ន្ទ​មុន្នី  ទៅ​ចែកជូនសមាជិក​សមាគម អតីត​យុទ្ធ​ជនកម្ពុជាខេត្ត ៦០គ្រួសារដែលជានិវត្តន៍​ជន​ និងជនពិការ ដែលកំពុងមានជីវភាពខ្វះខាត ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ដែលនឹងត្រូវឈានចូលមកដល់ នៅថ្ងៃទី១៤មេសាស្អែកនេះ។ ពិធីចែកអំណោយនោះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ។

អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលត្រូវចែកជូន សមាជិក​សមាគមអតីត​យុទ្ធ​ជនកម្ពុជាខេត្តទាំង ៦០គ្រួសារក្នុងពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ និងថវិកា ៤ម៉ឺនរៀល ផងដែរ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា​ បានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា , អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលជាអគ្គលេខាធិការរងសមាគម ជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់ចំពោះភាពសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ជាពិសេស អតីតយុទ្ធជនកម្ពុជា នៅក្នុងខេត្តព្រះវិហារ យើងនេះ ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងទៀតថា ការផ្តល់អំណោយជូនដល់សមាជិកអតីតយុទ្ធជនក្នុងពេលនេះ គឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤មេសា ស្អែកនេះហើយ និងការចែកអំណោយនៅក្នុងថ្ងៃនេះ ក៏ដើម្បីជួយសម្រួលដល់ការហូបចុក ដល់សមាជិកអតីតយុទ្ធជន ដែលកំពុងមានជីវភាពខ្វះខាត ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែង ចាត់ទុកការលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ នាពេលកន្លងមករបស់ សមាជិកអតីតយុទ្ធជនទាំងអស់ រហូតពិការដៃជើង និងពិការភ្នែកមកដល់សព្វថ្ងៃនេះ គឺជាគុណបំណាច់មួយដ៏ធំ និងមានតម្លៃ ដែលមិនអាចកាត់ថ្លៃបានឡើយ៕ដោយ៖ឡុង សំបូរ