កម្ពុជាបានបំបែក ឯតទគ្គកម្មពិភពលោក សារជាថ្មីលើការរាំម៉ាឌីហ្សូន ដែលមានចំនួនអ្នកចូលរួមរាំច្រើនជាងគេ

0

សៀមរាប៖ កម្មវិធីបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សុន បានសម្រេចជោគជ័យ ដោយកម្ពុជាត្រូវបានកត់ត្រាជាផ្លូវការសារថ្មីចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records ការរាំម៉ាឌីហ្សូន ដែលមានចំនួនច្រើនជាងគេ នាព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលមានចំនួនអ្នកចូលរួមរាំសរុប ៤,៩៩៩នាក់ នៅបរិវេណព្រះលានជល់ដំរី មុខឆាកតន្ត្រីអង្គរសង្ក្រាន្ត។

កំណត់ត្រានាពេលនេះ បានបំបែកលើចំនួនដែលកម្ពុជាខ្លួនឯង បានរៀបចំក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥ ក្នុងចំនួន ២,០១៥នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្តថា គោលបំណង នៃការការបំបែកឯតទគ្គកម្មការរាំម៉ាឌីហ្សូនជាថ្មីម្ដងទៀតនេះ គឺជាការបង្ហាញប្រាប់ពិភពលោកថា សាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន“។

លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរ សាទរខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “លើសពីការបំបែកឯតទគ្គកម្មពិភពលោក បំណងមួយ បន្ថែមទៀត គឺជាការបង្កើតកម្មវិធីដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំភាពខុសគ្នា មករួមគ្នា ក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»៕