មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានជួបសំណេះសំណាលជាមួយយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ មកពីស្រុកគូលែន និងស្រុកឆែប ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជន ៦រូប មកពីស្រុកគូលែន និង ៣រូបទៀត ជាមេឃុំ មកពីស្រុកឆែប នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី១៥មេសា២០២៣នេះ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ​។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានថ្លែង ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលតែងតែគិតគូរពីសុខទុក្ខរបស់យោធិនគ្រប់ៗរូប ជាពិសេសបងប្អូននិវត្តន៍ជន និងយោធិនពិការ ដែលកន្លងមកបងប្អូនទាំងនោះ មានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដោយមិនអាចបំភ្លេចបានទេ នូវគំរូវីរ:ភាពដ៏អង់អាចក្លាហានរបស់បងប្អូន ដែលជាយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានស្នើដល់សមាជិកសមាគមអតីតយុទ្ធជនទាំងអស់ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ចំពោះជាតិ មាតុភូមិ ហើយត្រូវទៅចូលរួមបោះឆ្នោតសកល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្តទៀត។

គួរបញ្ជាក់ថា នៅក្នុងពិធីជួបសមណេះសំណាលជាមួយ យោធិនចូលសោធននិវត្តន៍ និងយោធិនពិការនៅពេលនោះមាន សមាជិកសមាគមអតីតយុទ្ធជន ដែលជាចាស់ ព្រឹទ្ធាចារ្យ  ​៦រូប មកពីឃុំគូលេនត្បូង ស្រុកគូលែន និងលោកមេឃុំ ៣រូបទៀត មកពីឃុំចំនួន៣ គឺ ឃុំឆែបមួយ ឃុំសង្កែមួយ និងឃុំម្លូព្រៃមួយ ស្រុកឆែប សរុប ៩រូប ទទួលបានអំណោយដ៏ថ្លៃថ្លា របស់  នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ,សមាជិកសមាគម ៦នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ  និងថវិកា ៤ម៉ឺនរៀល។ ដោយឡែក លោកមេឃុំ ៣នាក់ ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ៕ដោយ៖ឡុង សំបូរ