ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរណ៍ជាង២០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ

0

កំពង់ធំ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរណ៍ ប្រមាណជាង២០ម៉ឺននាក់។

ទន្ទឹមជាមួយគ្នានេះ ដោយមានការយកចិត្ត ទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានបង្កើតព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ មានបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តដែលមានទីតាំងនៅ សួនស្ទឹងសែន និងតាមបណ្តាវត្តអារាម ក្នុងខេត្តបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង គ្រប់មជ្ឈដា្ឋន នៅតាមបណ្តារមណីយដ្ឋាន។ ដំណើរការទទួលភ្ញៀវទេសចរណ៍ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានរៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខ នៅក្នុងរមណីយដ្ឋានបានល្អ។ ក្នុងនោះផងដែរ សង្ក្រាន្តបានបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយដែលមាន ចោលឈូង ទាញព្រាត់ លាក់កន្សែង ស្វាដណ្ដើមស្លឹកឈើ ឡើងសសរខ្លាញ់ តំបន់ត្រជាក់ ប្រដាល់បិទមុខ និងល្បែងផ្សេងៗទៀតជាច្រើន។

កម្មនេះបានផ្តើមចេញពីកត្តាសុខសន្តិភាពពេញលេញដែលព្រះរាជាណចក្រកម្ពុជា ក៏ដូចជាខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ឆ្លងកាត់តាមរយៈការបោះឆ្នោត ដោយតម្លាភាព សុក្រឹត្រ និងយុត្តិធម៌ទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស។

ក្នុងនាមរដ្ឋបាលខេត្ត ដ៏ដូចជាប្រជាពលរដ្ឋ ខេត្តកំពង់ធំ, ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារ កងកម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់បង្កើតកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្ត កំពង់ធំទទួលបានជោគជ័យជាពិសេសការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋមកកំសាន្ត ទស្សនា លេងល្បែងប្រជាប្រិយ ប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព។