កំពង់ចាម: ដើម្បីអបអរសាទរ និងការបង្កើនភាពសប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ នូវសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត
ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចូលរួម លេងល្បែងប្រជាប្រិយ ប្រពៃណីជាតិខ្មែរ ពូនភ្នំខ្សាច់ និងស្រង់ព្រះ នៅទីធ្លាមុខសាលាខេត្ត និងនៅតាមទីវត្តអារាម ជាមួយគ្នានោះក៏មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស មកដេីរលេងកម្សាន្ត នៅតំបន់រមណីយដ្ឋានទេសចរណ៍ នៅតាមបណ្តាស្រុកក្រុងនានាប្រមាណជិត២ម៉ឺននាក់ ដោយមានការលេងល្បែងប្រជាប្រិយផ្សេងៗ មានដូចជា បោះអង្គុញ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ គោះត្រដោក វាយក្អម ឡើងសសរខ្លាញ់ និងល្បែងកម្សាន្តមួយចំនួនទៀត ដើម្បីបញ្ជ្រាបដល់ស្រទាប់យុវជនជំនាន់ក្រោយៗ បានចងចាំផងដែរ។
លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរ ខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីបង្កភាពសប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ជូនប្រជាពលរដ្ឋ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យមន្ទីរទេសចរណ៍ សហការ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងសាលាក្រុងកំពង់ចាម ទទួលភារកិច្ចរៀបចំសង្ក្រាន្ត នៅវាលស្មៅមុខសាលាខេត្ត ដោយមានភ្ញៀវមកលេងកំសាន្ត យ៉ាងច្រើនកុះករ ។ ជាក់ស្ដែង ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត នៅតាមរមណីដ្ឋាន នៃខេត្តកំពង់ចាម ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាឆ្នាំនេះ សរុបប្រមាណជា ១ ៨៣៨ ៨១១នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួន ៦៧៦នាក់ ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល៣ថ្ងៃនេះដែរ គឺពុំមានបញ្ហាអ្វីកើតឡើងធំដុំឡើយ ពោលគឺបានដំណើរការយ៉ាងល្អប្រសើរ ។
លោកប្រធានមន្ទីរ បញ្ជាក់ដែរថា ដើម្បីបង្កភាពសប្បាយដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវបានទស្សនាកំសាន្តផងនោះ មន្ទីរទេសចរណ៍ខេត្ត បានសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំកម្មវិធី នៅតាមរមណីដ្ឋានលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គុញ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ គោះត្រដោក លោតបាវ វាយក្អម ឡើងសសរខ្លាញ់ និងល្បែងកម្សាន្តមួយចំនួនទៀត ដើម្បី បំរើការសប្បាយជូនប្រជាពលរដ្ឋ ក្នុងន័យលើកកម្ពស់វប្បធម៌ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ក្រោមម្លប់សន្តិភាព នៃការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕







































