ខេត្តស្ទឹងត្រែង៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពីសេន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅថ្ងៃទី១៨មេសាម្សិលមិញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនកងកម្លាំងប្រដាប់អាវុធ នៅទូទាំងយោធភូមិភាគទី១ នៃខេត្តភាគឦសាន្តកម្ពុជា។
អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូន កងកម្លាំងប្រដាប់អាវុធ នៅទូទាំងយោធភូមិភាគទី១ នាពេលនោះ រួមមាន ៖ អង្គភាពទីបញ្ជាការយោធភូមិភាគទី១ ,សាលាពលទាហានទី១ ,ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ,វរសេនាតូចអន្តរាគមន៍លេខ ២៨១ ,វរសេនាតូចអន្តរាគមន៍លេខ ២៨២, វរសេនាតូចអន្តរាគមន៍លេខ ២៨៣ ,វរសេនាតូចអន្តរាគមន៍លេខ ២៨៤ ,វរសេនាតូចអន្តរាគមន៍លេខ ២៨៥ កងពលតូចអន្តរាគមន៍លេខ១២៨ ,តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ,តំបន់ប្រតិបត្តិការសឹករងរតនគិរី ,តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ,ទីបញ្ជាការនគរបាលប្រចាំទិសយោធភូមិភាគទី១ ,វរៈនគរបាលការពារព្រំដែនលេខ ៧០១ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង, វរៈនគរបាលការពារព្រំដែនលេខ ៦២៣ និងវរៈនគរបាលការពារព្រំដែនលេខ ២០៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តខេត្តរតនគិរី, វរៈនគរបាលការពារព្រំដែនលេខ ៣០៣ និងវរៈនគរបាលការពារព្រំដែនលេខ ៦២១ ចំណុះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពីសេន បានថ្លែង ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅទូទាំងយោធភូមិភាគទី១ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ របស់កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ក៏ដូចនៅយោធភូមិភាគទី១ នេះ។
នាយឧត្តមសេនីយ៍ វង្ស ពីសេន បានថ្លែង ដោយសំដែងនូវការកោតសរសើរ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់ កងកម្លាំងប្រដាប់អាវុធយើង ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ និងគ្រោះថ្នាក់ បូជា កម្លាំងកាយចិត្ត ហ៊ានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ។
នាយឧត្តមសេនីយ៍ វង្ស ពីសេន បានថ្លែង ផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវយកចិត្តទុក្ខដាក់បំពេញកាតព្វកិច្ច របស់ខ្លួនជាពលរដ្ឋល្អ ដោយត្រូវទៅចូលរួមការបោះឆ្នោត និងណែនាំក្រុមគ្រូសាររបស់ខ្លូន ទៅចូលរួមការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។
មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ តំណាង លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានថ្លែង អំណរគុណពន្លឹកចំពោះ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ទូទាំង យោធភូមិភាគទី១។
លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែងទៀតថា ជំនួសមុខឲ្យកងកម្លាំងប្រដាប់អាវុធទូទាំង យោធភូមិភាគទី១ សូមថ្លែង នូវការប្តេជ្ញាចិត្ត ស្មោះត្រង់ដាច់ខាត ជឿជាក់ លើការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាការពារបូរណភាពទឹកដី កាពារសុខសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖ឡុង សំបូរ