យុវជនដែលទើបជ្រើសរើសជាកងរាជអាវុធហត្ថថ្មី ២០នាក់ នៅខេត្តស្ទឹងត្រែង ត្រូវបានបញ្ជូនទៅហ្វឹកហ្វឺន ដើម្បីបង្កើនសមត្ថភាពការងារ និងដើម្បីក្លាយជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

0

ខេត្តស្ទឹងត្រែង៖ យុវជន២០នាក់ ដែលទើបប្រឡងជាប់ជា កម្លាំងកងរាជអាវុធហត្ថថ្មី នៃខេត្តស្ទឹងត្រែង ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បញ្ជូនទៅហ្វឺកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩មេសា២០២៣ ដែលការបញ្ជូននេះត្រូវគេដឹងថា ដើម្បីបង្កើនសមត្ថភាពការងារ ក្លាយជាមន្ត្រីនគរបាលយុត្តិធម៌ និងក្លាយជាមន្ត្រីក្របខ័ណ្ឌកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនសង្គមជាតិ និងជាពលរដ្ឋ ។

ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថថ្មី ខេត្តស្ទឹងត្រែង ទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយនៅពេលនោះ បានធ្វើឡើងក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ,ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា នេះជាធនធានមនុស្សមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់ និងប្រកបដោយចំណេះដឹង ដែលទទួលបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ  បានប្រឡងជាប់ជាស្ថាពរ   ហើយទទួលបានការលើកទឹកចិត្តឱ្យទៅហ្វឹកហ្វឺន  ដើម្បីមានសមត្ថភាពបន្ថែម  សម្រាប់បំពេញការងារបម្រើសង្គមជាតិ មាតុភូមិ។

លោក ស្វាយ សំអ៊ាង មានប្រសាសន៍ទៀតថា ជាមួយនឹងការទៅហ្វឹកហ្វឺននេះ ក្មួយៗត្រូវខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួន  មិនត្រូវព្រួយបារម្ភ  ឬខ្លាចមានការប្រឈមលំបាក ដូចកាលពីសម័យសង្គ្រាម ដែលយើងទៅនឹងសមរភូមិមុខនោះទេ  យើងនៅក្នុងស្រុកទេសរបស់យើង គឺជាប្រទេសដែលពោរពេញទៅដោយសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺមិនមានបញ្ហាអ្វីធ្វើឱ្យប៉ះពាល់ទៅដល់ កម្លាំងរបស់យើង ឬក៏ហានិភ័យនោះទេ។ ប៉ុន្តែ គ្រាន់តែថា នេះអាស្រ័យទៅដោយភាពប្រាកដប្រជា និងម៉ឺងម៉ាត់របស់យើង  ហើយការប្រាកដប្រជា គឺនាំឱ្យខ្លួនយើងឲ្យឈានទៅរកភាពជោគជ័យ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា នេះជាគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់  ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឱ្យកម្លាំងថ្មីទើបប្រឡងជាប់ បានក្លាយទៅជាកងកម្លាំងមានសមត្ថភាពគ្រប់គ្រាន់  បានចូលរួមចំណែកក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ។

យុវជនម្នាក់តំណាងឲ្យយុវជនច្រើននាក់ ដែលទើបប្រលងជាប់ជា កម្លាំងកងរាជអាវុធហត្ថខេត្ត បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំហ្វឹកហ្វឺន រៀនសូត្រ បំពេញតួនាទីភារកិច្ច  បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជា និងការចាត់តាំងរបស់អង្គភាព  ឱ្យបានឆ្លើយតបតាមការផ្តាំផ្ញើ  ពីថ្នាក់ដឹកនាំខេត្ត និងមេបញ្ជាការកងរាជអាវុធខេត្តស្ទឹងត្រែង។

ស្របពេលជាមួយគ្នានោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជួយឧបត្ថម្ភថវិកា ដល់យុវជន២០នាក់ ក្នុងម្នាក់ៗ ២៥ម៉ឺនរៀល និងរដ្ឋបាលក្រុងស្ទឹងត្រែង ឧបត្ថម្ភក្នុងម្នាក់ៗ ៥ម៉ឺនរៀល ផងដែរ៕ដោយ៖ឡុង សំបូរ