ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថដែលទើបត្រូវបានជ្រើសរើស និងប្រលងជាប់ជាស្ថាពរជាច្រើនរូប ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បញ្ជូននិងធ្វើពិធីជូនដំណើរទៅហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ជូនសង្គមជាតិ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
ពិធីជូនដំណើរនៅថ្ងៃទី១៩មេសា ម្សិលមិញនោះ បានធ្វើឡើងក្រោមវត្តមាន លោកស្រី ប៉ាង រ៉ាវី អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ មេបញ្ជាការរង នាយសេនាធិការ និងប្រធានការិយាល័យគ្រប់ផ្នែក និងគ្រប់ជំនាញ រួមទាំងសាច់ញាតិ ក្រុមគ្រួសារ បងប្អូន នៃមន្ត្រីអាវុធហ្ថថ្មី ជាច្រើនរូបទៀត ផងដែរ។
អភិបាលរងខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា ក្នុងនាម លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយជាពន់ពេក ដែលបានចូលរួមក្នុងពិធី ជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៃខេត្តកំពង់ឆ្នាំង នាពេលនេះ។
លោកស្រីអភិបាលរងខេត្តព្រះវិហារ បានថ្លែង កោតសរសើរដល់កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បេសកកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសគឺការសម្រិត សម្រាំងយ៉ាងសុក្រឹត្យ ក្នុងការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថថ្មី ប្រកបដោយតម្លាភាព គុណភាព ស្របតាមគោលការណ៍ និតិវិធី នៃក្របខណ្ឌច្បាប់ជាធរមាន។ លោកស្រីថា ពិធីដែលបានធ្វើឡើងនៅថ្ងៃនេះ គឺពិតជាបានសបញ្ជាក់ឱ្យឃើញ ពីការគិតគូរយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ចំពោះយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីនេះ។
លោកស្រី ប៉ាង រ៉ាវី បានសម្តែង ការអរគុណចំពោះ កម្លាំងកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងស្នូលក្នុងការស្វែងរក និងថែរក្សាសុខសន្តិភាព បូរណភាពទឹកដី ជូនជាតិមាតុភូមិ ធ្វើឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ។
លោកស្រី ប៉ាង រ៉ាវី បានប្រកាស គាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាជាតិ និងគាំទ្រនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕ដោយ៖ឡុង សំបូរ