កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះ ១៤០គ្រួសារ នៅក្នុងស្រុកគូលែន

0

ខេត្តព្រះវិហារ៖ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ផ្ទះ ១៤០គ្រួសារ កាលពីពេលកន្លងទៅថ្មីៗនេះ នៅក្នុងឃុំចំនួន៦ នៃស្រុកគូលែន។ ពិធីចែកអំណោយមនុស្សធម៌នោះ បានធ្វើឡើងនៅថ្ងៃទី១៩មេសា២០២៣ ស្ថិតក្នុងឃុំស្រយ៉ង់ ឃុំគូលែនត្បូង និងឃុំថ្មី នៃស្រុកគូលែន ខេត្តព្រះវិហារ។

យោងរបាយការណ៍ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា មានផ្ទះប្រជាបលរដ្ឋ ១៤០គ្រួសារ បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ក្នុងនោះ ផ្ទះដែលរងការខូចខាតទាំងស្រុង ១១គ្រួសារ និងរងការខូចខាតមធ្យម ១២៩គ្រួសារ មានចំនួន ៦ឃុំ នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

អំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលត្រូវចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង ១៤០គ្រួសារ នៅពេលនោះ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥ម៉ឺនរៀល។ ដោយឡែក គ្រួសារដែលរងការខូចខាតផ្ទះទាំងស្រុង១១គ្រួសារ ទទួលបានតង់ ១បន្ថែមទៀត និងប្រគេនព្រះសង្ឃគង់នៅ វត្តសុវណ្ណបុរីបញ្ញោ (ហៅវត្តគូលែនត្បូង) នូវ អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខកំប៉ុង២យួរ ទឹកស៊ីអ៊ីវ២យួរ បច្ច័យ ២ម៉ឺនរៀល ព្រមទាំង ជូនតាជី យាយជី ២៩នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ។ 

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងផ្ញើក្តីនឹករលឹក ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះការកើតឡើង នូវឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូន ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ នាពេលនេះ និងលោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិ ផ្គរ រន្ទះ និងនៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍  ឬទូរស័ព្ទ ហើយត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព ដើម្បីជ្រកកោន ឬការស្នាក់នៅឲ្យបានសមរម្យ៕ដោយ៖ឡុង សំបូរ