អាជ្ញាធរខេត្តស្ទឹងត្រែង រៀបចំបរិវេណសំខាន់ៗ ដើម្បីត្រៀមទទួលស្វាគមន៍ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល

0

ខេត្តស្ទឹងត្រែង៖ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង នៅថ្ងៃទី២៦មេសានេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទីតាំងសំខាន់ៗជាច្រើនកន្លែង ដើម្បីត្រៀមទទួលស្វាគមន៍ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី ១២ នៅច្រកទ្វារព្រំដែនណង ណុកឃៀន-ឡាវ និងច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល-កម្ពុជា ដែលក្បួនព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ទឹកដីខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧មេសា២០២៣ ស្អែកនេះ។

មន្ត្រីខេត្តបានថ្លែងថា ទីតាំងដែលត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅថ្ងៃនេះ មាន ៤កន្លែង គឺ ១-បរិវេណនៅខាងមុខសាលាខេត្តស្ទឹងត្រែង ,២-នៅក្នុងបរិវេណវត្តស្រះកែវមុន្នីវណ្ណ ហៅ វត្តលើ ,៣-នៅគល់ស្ពានសេកុងស្ទឹងត្រែង និង ៤-នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល។

មន្ត្រីដដែលបានបន្តទៀតថា នៅថ្ងៃទី២៧មេសាស្អែកនេះ ក្បួនព្រះអគ្គិជ័យកីឡាអាស៊ាន នឹងត្រូវដង្ហែចេញពីទឹកដីប្រទេសឡាវ តាមច្រកទ្វារណង ណុកឃៀន ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល។ លោកថា ពិធីប្រគល់ និងទទួលព្រះអគ្គិជ័យកីឡានឹងធ្វើឡើងនៅ ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-កម្ពុជា បន្ទាប់មកក្បួនព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកកាន់ទីរួមខេត្តស្ទឹងត្រែង ហើយនៅថ្ងៃបន្ទាប់ នឹងបន្តដង្ហែទៅកាន់ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្តាល។

នៅរយៈពេលជាង ៤សប្តាហ៍កន្លងមកនេះ ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែទៅកាន់បណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ហើយព្រះអគ្គិជ័យកីឡា បានដង្ហែវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្ត ដែលស្ថិតនៅជុំវិញបឹងទន្លេសាប ដោយផ្តើមពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ លុះនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា នឹងដង្ហែចេញពីខេត្តកំពង់ធំ ឆ្ពោះមករាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡាដ្ឋានមរតកតេជោ នាវេលាម៉ោង៨យប់។

គួរបញ្ជាក់ផងដែរថា ព្រះអគ្គិជ័យកីឡា ​ ត្រូវបានដង្ហែចេញពីខេត្តសៀមរាប អង្គរ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយដង្ហែឆ្ពោះទៅកាន់ប្រទេសវៀតណាម និងប្រទេសនានាទៀត នៅតំបន់អាស៊ី-អាគ្នេយ៍ នឹងនៅថ្ងៃទី២៧មេសា ស្អែកនេះ នឹងត្រូវដង្ហែវិលត្រឡប់មកដល់ប្រទេកម្ពុជាវិញហើយ តាមច្រកទ្វារអន្តរជាតិណង ណុកឃៀន ខេត្តចំប៉ាសាក់-ឡាវ និងច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង-កម្ពុជា៕ដោយ៖ឡុង សំបូរ