រដ្ឋបាលខេត្តព្រះវិហារ នឹងធ្វើការផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើទី៣២ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា

0

ខេត្តព្រះវិហារ៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥មេសា២០២៣ កន្លងទៅនេះ រដ្ឋបាលខេត្តព្រះវិហារ នឹងធ្វើការផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើទី៣២ ឆ្នាំ២០២៣ ដោយកំណត់យកទីតាំងផ្សាយផ្ទាល់ មានចំនួន ១២កន្លែង នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ។

រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៩មេសា២០២៣ បានចេញសេចក្តីជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីបង្កបរិយាកាសរីករាយដល់ប្រជាពលរដ្ឋ ដែលស្រឡាញ់វិស័យកីឡា រដ្ឋបាលខេត្ត បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ នឹងរៀបចំផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅលើទីតាំង ១២កន្លែង សម្រាប់បញ្ចាំងស្លាយ គឺ៖ ១-ក្នុងបរិវេណសាលាខេត្តព្រះវិហារ (LED) ,២-ក្នុងបរិវេណវត្តឦសានគិរីសាមគ្គីមានជ័យ (វត្តប្រយុទ្ធ) ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ,៣-ក្នុងបរិវេណសាលាស្រុកត្បែងមានជ័យ ,៤-ក្នុងបរិវេណសាលាស្រុករវៀង ,៥-ក្នុងបរិវេណសួនច្បារភ្នំដែក ស្ថិតក្នុងឃុំរមណី ស្រុករវៀង ,៦-រង្វង់មូលទីរួមស្រុកគូលែន ,៧-ឃុំស្រយង់ ស្រុកគូលែន ,៨-ក្នុងបរិវេណសាលាស្រុកជ័យសែន ,៩-ក្នុងបរិវេណសាលាស្រុកសង្គមថ្មី ,១០-ក្នុងបរិវេណវត្តប្រាសាទព្រះខ័ន្ធ ស្ថិតក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ,១១-រង្វង់មូលស្រអែម ស្រុកជាំក្សាន្ត និង ១២-ក្នុងបរិវេណសាលាស្រុកឆែប ។

រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់វិស័យកីឡា នឹងចូលរួមគាំទ្រ និងចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះ ឲ្យបានអធិកអធមបំផុត ៕​ ដោយ៖ឡុង សំបូរ